
ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “អាងទឹកតេជោបុស្សស្បូវ” ស្ថិតនៅក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ រួមទាំងវត្តមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អាជ្ញាធរជាតិប្រាសាទព្រះវិហារ អាជ្ញាធរមីន កងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក មន្រ្តីរាជការ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ចូលរួមផងដែរ។

ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងអំពាវនាវឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រួមគ្នាថែរក្សាសុខសន្តិភាព ដែលដណ្តើមបានដោយពិបាកតាមរយៈនយោបាយឈ្នះ-ឈ្នះ ឲ្យនៅស្ថិតស្ថេរគង់វង្យ ដើម្បីឲ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព ទើបមានឱកាសបានជួបជុំគ្នា មានឱកាសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ជាក់ស្តែងភូមិតេជោបុស្បូវ ដែលស្ថិតលើខ្នងភ្នំដងរែកនេះ ពីមុនជាតំបន់សង្រ្គាម និងជាតំបន់ដែលធ្លាប់ប៉ះទង្គិចគ្នាជាមួយថៃ គឺមិនសូវមានប្រជាពលរដ្ឋរស់នៅនោះទេ ប៉ុន្តែ ក្រោយពីបញ្ចប់សង្រ្គាម គឺមានប្រជាពលរដ្ឋមករស់នៅច្រើន ដែលភាគច្រើនជាគ្រួសារកងទ័ព គ្រួសារកងនគរបាលជាតិ និងប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ។

ឯកឧត្តម បន្តថាដោយអនុវត្តន៍តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ក៏ដូចជាអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បានសហការគ្នាក្នុងការអភិវឌ្ឍន៍តំបន់ព្រំដែនឲ្យមានការរីកចម្រើនតាមការចង់បានរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ជាក់ស្តែង “អាងទឹកតេជោបុស្បូវ” ដែលសម្ភោធដាក់ឲ្យប្រើប្រាស់ក្នុងពេលនេះ គឺបានកើតឡើងតាមរយៈអង្គវេទិកា សាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ដែល ប្រជាពលរដ្ឋបានស្នើរសុំដោយសារនៅរដូវប្រាំងប្រជាពលរដ្ឋនៅលើភ្នំខ្វះខាតទឹកប្រើប្រាស់។ ដើម្បីដោះស្រាយបញ្ហានេះក្រុមការងារ បានសហការគ្នាដោយមានការចូលរួមពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ អង្កការស៊ីម៉ាក់ អាជ្ញាធរប្រាសាទព្រះវិហារ ដោយបានឧបត្ថម្ភថវិកាពីមូលនិធិប្រទេសចិន ទើបអាចសាងសង់អាងទឹកនេះបានសម្រេច។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានជម្រាបជូនប្រជាពលរដ្ឋនៅភូមិតេជោបុស្បូវ ថាក្រៅពីអាងទឹកដែលសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺប្រជាពលរដ្ឋនៅទីនេះនឹងទទួលបានសមិទ្ធផលថ្មីៗ ជាបន្តទៀតដូចជាផ្លូវបេតុងប្រវែង ២៤គីឡូម៉ែត្រ ពីឃុំស្រអែមមកភូមិតេជោបុស្បូវ ស្រះទឹកទំហ៊ំ ៥០ម៉ែត្រគុណ៥០ម៉ែត្រ នឹងអណ្តូងស្នប់២ទៀត ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២០នេះតទៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់អាជ្ញាធរ សូមធ្វើការអប់រំផ្សព្វផ្សាយអំពីវិធានការការពារជម្ងឺឆ្ងងកូវីដ-១៩ជាបន្តទៀត ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

