កំពង់ឆ្នាំង ÷ នៅ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ក្រសួងបរិស្ថានធ្វើពិធីប្រកាសជាផ្លូវការ “កំពង់ឆ្នាំងស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទីក” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ អ្នកតំណាងរាស្រ្ត និងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា តាមរយៈលទ្ធផលនៃការបូកសរុបយុទ្ធនាការ “កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ សម្អាតផ្លូវជាតិ “ផ្លូវជាតិលេខគ្មានសំរាម និងសំណល់ប្លាស្ទិក” ចាប់ពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅទូទាំងខេត្តកំពង់ឆ្នាំងទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារសម្របសម្រួល នៃក្រសួងបរិស្ថានបានចុះដឹកនាំលើយុទ្ធនាការ “កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការសម្អាតផ្លូវជាតិ “ផ្កូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” លើក្រុង/ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងបាន ចំនួន ៣០០លើក ក្នុងនោះក្រុមការងារសម្របសម្រួលនៃក្រសួងបរិស្ថានបានចុះដឹកនាំផ្ទាល់ចំនួន ៨១លើក។
បានធ្វើអនាម័យសម្អាតតាមដងផ្លូវទូទាំងខេត្តបានចំនួន ៤១ខ្សែ, មានសាលារៀនទាំង ៣កម្រិតសិក្សា ចូលរួមចំនួន ៣៩៩សាលា, លោកគ្រូ អ្នកគ្រូចំនួន ៣ ៨៧១នាក់, សិស្សានុសិស្សចំនួន ១១៦ ៩៣៨នាក់, វត្តអារាមចំនួន ២១៩វត្ត (ព្រះសង្ឃចំនួន ២ ៦០០អង្គ) មន្រ្តីរាជការខេត្ត ក្រុង ស្រុកចំនួន ៦៩០៨នាក់, សាលាឃុំ សង្កាត់ ចំនួន ៧១ឃុំ សង្កាត់ ប្រជាពលរដ្ឋចំនួន ៤១៨ ៦៧៥នាក់ ស្មើនឹង ៧០% នៃប្រជាជនទូទាំងខេត្ត រោងចក្រសហគ្រាស ចំនួន ២២ អ្នកចូលរួមចំនួន ៤៥ ៦៦៨នាក់, អាជ្ញាធរ មូលដ្ឋានឃុំ សង្កាត់ចំនួន ១ ៣៨០នាក់ ក្នុងយុទ្ធនាការមានអ្នកចូលរួមសរុបចំនួន ៥៩៦ ០៤០អង្គ/នាក់ និងបានប្រមូលសំរាមបានចំនួន ២៦ ៣៤៩គីឡូក្រាម។ តាមរយៈសកម្មភាពយុទ្ធនាការខាងលើនេះយើងពិនិត្យឃើញថា នៅតាមសាលារៀន រោងចក្រ សិប្បកម្ម អាជីវកម្ម វត្តអារាម ភូមិ ឃុំ សង្កាត់ លំនៅឋានប្រជាពលរដ្ឋនិងតាមដងផ្លូវជាតិ ផ្លូវខេត្តផ្លូវស្រុកមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានស្អាតល្អ មានភាពប្រទាក់ក្រឡាជាមួយលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ និងបណ្តាដៃគូអភិវឌ្ឍន៍ ដែលជានិច្ចជាកាលបានផ្តល់កិច្ចសហការល្អជាមួយក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្តថា កម្មវិធីនយោបាយរដ្ឋាភិបាល បន្ទាប់ ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជា អាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន។ គោលដៅនៃការអប់រំ និងការផ្លាស់ប្តូរទម្លាប់នៃការរស់នៅជាចម្បង គឺផ្តោតលើការអប់រំសិស្សានុសិស្សនៅតាមសាលាចំណេះដឹងទូទៅមុនគេ ដែលពួកគេមានលទ្ធភាពក្នុងការជួយពង្រីកការអប់រំដល់សមាជិកគ្រួសារ និងសង្គមផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញមោទកភាព និងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយរដ្ឋបាលខេត្ត កំពង់ឆ្នាំង ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពចំណុះពាក់ព័ន្ធ ជាពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមបណ្តាគ្រឹះស្ថានសិក្សា ចំណេះទូទៅនៅទូទាំងខេត្ត ដែលផ្តើមតាមរយៈការចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន ជាមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពីការចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ ” ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងយុទ្ធនាការ ” កម្ពុជាស្អាត ខ្មែរធ្វើបាន”ធ្វើឱ្យទូទាំងខេត្តកំពង់ឆ្នាំងយើងស្អាត សង្គមយើងស្អាត ប្រទេសជាតិយើងមានបរិស្ថានស្អាត គឺដើម្បីភាពស្អាតរបស់កម្ពុជាទាំងមូល។