កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មេឃុំចៅសង្កាត់ មេប៉ុស្តិ៍ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានមានប្រសាសន៍ជម្រាបជូនពីកិច្ចការចាំបាច់គឺក្តាប់សភាពការណ៍ទូទៅ និងដាក់ចេញវិធានការអនុវត្ត កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានា និងរក្សាបាននូវសភាពការណ៍ស្ងប់ស្ងាត់ និងល្អប្រសើរបានគ្រប់គោលដៅ យុទ្ធនាការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារដែលជាគោលដៅរួមនៅទូទាំង ប្រទេស ។

ឯកឧត្តម បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
១. បង្កើនកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនងល្អរវាងអាជ្ញាធរ និង​អជ្ញា​​​​ធរ កងកម្លាំង និងកម្លាំង ជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-ឡាវ ដោយពង្រឹងការផ្លាស់ប្តូរ​ព័ត៌មានគ្នាទៅវិញទៅមកជាប្រចាំ ដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើស​ផ្សេងៗ​​ទៀត​នៅតាមបណ្តោយព្រំដែន។​
២. អនុវត្តឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ នូវវិធានបង្រ្កាប និងទប់ស្កាត់បទល្មើស​ធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

៣. អនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះការកាប់រានទន្ទ្រានដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។
៤. រដ្ឋបាលក្រុង-ស្រុក ត្រូវគ្រប់គ្រងដីធ្លី ដែលជាសម្បត្តិសាធារណៈរបស់​រដ្ឋ​ ឲ្យបាន​ហ្មត់ចត់ និង​ត្រូវទប់ស្កាត់ការចូលកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឲ្យបានទាន់​ពេល​វេលា។
៥. អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់​ ត្រូវ​បញ្ឈប់​ការបញ្ជាក់ដី​ ដែល​គ្មាន​​ការ​ចូលរួម និង​គ្មាននិយាមការ​​ពីមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម សំណង់​ និង​សុរិយោដីខេត្ត។

៦. ជម្រុញការ​រៀបចំផែនទី នៅ​តាមក្រុង-ស្រុក​ នូវ​ទីតាំងដែលប៉ះពាល់​លើដែន​បរិស្ថាន​ និង​ដីរដ្ឋផ្សេងៗទៀត​។
៧. រដ្ឋបាលក្រុង-ស្រុក ត្រូវ​ពន្លឿន​ការដោះស្រាយ​វិវាទដីធ្លី យ៉ាងហោចណាស់០២សំណុំរឿង ក្នុងមួយសប្ដាហ៏ ក្នុង​ករណី​ដោះស្រាយ​តាមនីតិវិធី​មិនជោគជ័យ​ ត្រូវបញ្ជូន​មក​គណៈកម្មការដោះស្រាយវិវាទដីធ្លី​ថ្នាក់ខេត្ត​។
៨. ​រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់​ នីមួយៗ ត្រូវ​ក្ដាប់ឱ្យ​បាន​អំពី​គ្រប់​មុខសញ្ញា​តវ៉ា​ ជា​ពិសេស​រឿងដីធ្លី​​ ធ្វើយ៉ាងណា​ទប់ស្កាត់​កុំឲ្យមក​តវ៉ាដល់​សាលាខេត្ត​ ឬ​ទៅ​តវ៉ា​ដល់​រាជធានី​ភ្នំពេញ បើ​ទប់​មិនជាប់ទេ ត្រូវ​រាយការណ៍​មក​ថ្នាក់ខេត្ត​ឲ្យបានទាន់ពេលវេលា​។

៩. មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់​ និង​សុរិយោដីខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ក្រុង-ស្រុក​ ពន្លឿន​ការចុះ​បញ្ជីដីរដ្ឋ​ ឲ្យបាន​មុន​ដំណាច់ឆ្នាំ២០២១ និង​សហការ​ជាមួយ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទខេត្ត​ ដើម្បី​ពន្លឿន​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។​
១០. រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវ​ពន្លឿន​ការផ្ដល់​សេវាសាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ។​
១១. ត្រូវចូលរួម និង​ណែនាំ​ប្រជាពលរដ្ឋ​ ឲ្យគោរពច្បាប់ចរាចណ៍ផ្លូវគោក។

១២. ប្រធានមន្ទីរ អង្គភាព និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមត្រៀម​បង្ការ ​នូវ​គ្រោះ​មហន្តរាយដោយសារជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
១៣. រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ត្រូវរក្សាទំនាក់ទំនង ឲ្យបានល្អ ហើយត្រូវរៀបចំសោភណ្ឌភាព បរិស្ថាន​ តាមអង្គភាពរបស់ខ្លួនឲ្យបានស្អាត។
១៤.បញ្ហាកូវីដ១៩ នៅតែបន្តគំរាមកំហែងកម្ពុជា​យើង និង​ពិភពលោក​ ដូច្នេះ​ខ្ញុំ​សូម​ អាជ្ញាធរពាក់ព័ន្ធបន្ត​រឹតបន្តឹងវិធានការ​ដែលមានស្រាប់​ ដើម្បីកុំឲ្យមានការឆ្លងទៅ​សហគមន៍៕

Leave a Reply

Your email address will not be published. Required fields are marked *