ពិធីប្រកាស តែងតាំងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ

ដោយ៖ មាន រតនា
ព្រះវិហារ៖ រដ្ឋបាលខេត្ត បានរៀបចំពិធីប្រកាស តែងតាំងប្រធានកិត្តិយ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត កងកម្លាំងទាំងបី អង្គភាព មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះជួបនិងសាកសួសុខទុក្ខជាមួយ បងប្អូនអតីតយុទ្ធជន នៅក្នុងមូលដ្ឋានរបស់ខ្លួន និងក្ដាប់ឲ្យបាននូវទុកលំបាករបស់ពួកគាត់ ហើយត្រូវជួយសម្រួល និងដោះស្រាយភ្លាមៗតាមលទ្ធភាពរៀងៗខ្លួន ក្នុងករណីមិនមានលទ្ធិភាព ត្រូវរាយការណ៍មកថ្នាក់លើដើម្បីជួយដោះស្រាយ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បន្ថែមថា គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវខិតខំធ្វើការសម្របសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលដែលអតីតយុទ្ធជនរបស់យើងទទួលមរណៈភាព ដោយសម្រួលថវិកាគោលនយោបាយ និងថវិកាមរណៈសង្គ្រោះជូនដល់គ្រួសារអតីតយុទ្ធជនរបស់យើង ហើយត្រូវយកចិត្តទុកដាក់លើការងារជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនរបស់យើងដែលនៅសេសសល់ក្នុងមូលដ្ឋានបន្ថែមទៀត។

ឯកឧត្ដម អគ្គលេខាធិការសមាគមអតីតយុទ្ធកម្ពុជា បានស្នើដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងអាជ្ញាធរខេត្ត ត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅគ្រប់មូលដ្ឋានទាំងអស់ផងដែរ។

ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្ត ដែលត្រូវបានតែងតាំជាប្រធានកិត្តិយស នៃគណៈកម្មធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានធ្វើការប្ដេជ្ញាចិត្ត អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាម រដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំងរបស់អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។ អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា។ គោរព និងអនុវត្តតាមសេចក្ដីសម្រេចចិត្តមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។

ឯកឧត្តមបន្តថា នឹងខិតខំដឹកនាំសម្របសម្រួលការងាររបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឱ្យកាន់តែមានភាពរីកចម្រើន។ ខិតខំគៀងគរប្រភពធនធានសប្បុរសជននានា ពីគ្រប់មជ្ឈដ្ឋានដើម្បីទ្រទ្រង់មូនិធិសមាគមអតីតយុទ្ធជនកម្ពុជា ក្រុង-ស្រុក។ លើកកម្ពស់សាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ។

សូមបញ្ជាក់៖ ឯកឧត្តម ប្រាក់ សុវណ្ណ ត្រូវបានតែងតាំងជាប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ជំនួសឯកឧត្តម អ៊ុន ចាន់ដា ដែលត្រូវបានតែងតាំងជាប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាមវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *