ខេត្តកំពង់ឆ្នាំង ៖នៅថ្ងៃទី១៩ មេសា២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាល នៃគណៈអភិបាលខេត្តកំាពង់ឆ្នាំងបានអញ្ជើញជួប សំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជ អាវុធហត្ថ ទើបជ្រើសរើសថ្មី ចំនួន ៤២នាក់ ចូល ហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។
ពិធីនេះអញ្ជើញចូលរួមពីឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងលោកឧត្តម សេនីត្រី សាក់ សារ៉ាំង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។
លោកឧត្តមសេនីត្រី សាក់ សារ៉ាំង មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនិយាយថានៅខេត្តកំពង់ឆ្នាំង បេក្ចជនដែលមានលក្ខណសម្បត្តិ ជាប់ជាស្ថាពរចំនួន៤២នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធិពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថក្លាយជាយោធិននៃកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំ ជូនដំណើរទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំសែនរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវការអបអរសាទរ ចំពោះយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលបម្រើ កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈសម្បត្តិ និងជាប់ជាស្ថាពរ ក្នុងការប្រឡង ហើយត្រូវបានបញ្ចូលក្របខ័ណ្ឌកងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលចេញពីការជ្រើសរើសក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបានសំដែងនូវការកោតសរសើចំពោះការខិតខំប្រឹងប្រែងរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីក្រោមឱវាទនាពេលកន្លងមក បានយកចិត្តទុកដាក់ និងខិតខំអនុវត្តការងារតាមតួនាទី ភារកិច្ច រក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធ្វើឱ្យខេត្តទទួលបានបាននូវការអភិវឌ្ឍ រីកចម្រើនប្រកបដោយចីរភាពលើគ្រប់វិស័យ និងមានសុខសុវត្ថិភាពល្អ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មីទាំងអស់ ត្រូវខិតខំរៀន ដោយត្រូវគោរពច្បាប់ លក្ខន្តិកៈ បទបញ្ជា វិន័យ នៃវគ្គហ្វឹកហ្វឺន ឱ្យបានល្អប្រសើរ ដើម្បីក្លាយនាយនិងពលទាហានអង់អាចក្លាហាន ស្មោះស្ម័គ្របម្រើប្រទេសជាតិ និង ប្រជាជន ។
ទន្ទឹមនឹងនោះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិក៍បានថ្លែងនូវអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ ឬអាណាព្យាបាលយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូនចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋ ៕ដោយក្រាំង មាស