យុវជនចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីយកកាំបិតផ្គាក់កាប់លើអ្នកឃ្វាលទារ២នាក់ឲ្យរងរបួសធ្ងន់ស្រាល

ខេត្តបាត់ដំបង៖ ក្រុមយុវជនចំនួន០៥នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពួកគេធ្វើសកម្មភាពដោយប្រើប្រាស់កាំបិតផ្គាក់ដេញកាប់ទៅលើជនរងគ្រោះចំនួន២នាក់ដែលជាអ្នកឃ្វាលសត្វទាអោយរងរបួសធ្ងន់និងស្រាល។

ហេតុការណ៍ខាងលើនេះបានបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២៣និង០០នាទី ថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៣ នៅចំណុចវាលស្រែបឹងយាយទូច ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ការប្រើអំពើហឹង្សាខាងលើនេះបង្កឡើងដោយក្រុមយុវជនចំនួន៥នាក់ដែលគេស្គាល់ឈ្មោះរួមមាន៖
ទី១.ឈ្មោះ សាន់ វណ្ណៈ ភេទប្រុសអាយុ៣៤ឆ្នាំ (ជាជនដៃដល់)។
ទី២.ឈ្មោះ អំ ភារ័ត្ន ភេទប្រុស អាយុ២៩ឆ្នាំ។
ទី៣.ឈ្មោះ សូត្រ សារឿប ភេទប្រុស អាយុ២៣ឆ្នាំ។
ទី៤.ឈ្មោះ ផៃ សុផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ។
ទី៥.ឈ្មោះ ផៃ សុផាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ។ អ្នកទាំង០៥នាក់នេះរស់នៅក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតបានរួមមាន៖
កាំបិតផ្គាក់ចំនួន០២ដើម អាំងវ៉ិចទ័រឆក់ត្រីចំនួន០១ អាគុយ៤០អំពែរចំនួន០១ ដងឈើសម្រាប់ឆក់ត្រីចំនួន០១គូរ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ខាងលើ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ ទី១.ឈ្មោះ ឆៃ កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅឃុំអូរតាគី ស្រុកថ្មគោល រងរបួសម្រាមដៃខាងឆ្វេង ដើមកំភួនជើងក្រោមក្បាលជង្គង់ខាងស្តាំ(រងរបួសធ្ងន់) និងទី២.ឈ្មោះ ឈៀង វាសនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅឃុំអូរតាគី ស្រុកថ្មគោល រងរបួសត្រង់កែងដៃខាងឆ្វេង(របួសស្រាល)ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងផងដែរ។

មូលហេតុគឺបណ្តាលមកពីជនបង្កមកឆក់ត្រីក្បែរកន្លែងជនរងគ្រោះឃ្វាលទាធ្វើឲ្យទាផ្អើលរត់ចេញក្រៅ ហើយជនរងគ្រោះក៏បានស្រែកទៅអ្នកឆក់ត្រីថាកាក់ៗចាប់ៗ ហើយជនបង្កក៏បានផ្អើលរត់គេខ្លួនបាត់ហើយបានជ្រុះកាបូបលុយនៅទីនោះត្រូវជនរងគ្រោះរើសបាន ជនបង្កមកសុំវិញ រួចក៏ត្រឡប់ចេញទៅវិញបាត់បានប្រហែល១ម៉ោងជនបង្កក៏បាននាំបក្ខពួកមកកាប់លើជនរងគ្រោះតែម្តង។

ក្រោយពីឃាត់ខ្លួនសាកសួររួចបច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីជំនាញឃាត់ខ្លួនបណ្ដោះអាសន្ននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី។ដោយក្រាំងមាស

Leave a Reply

Your email address will not be published. Required fields are marked *