មន្ត្រីនគបាលអធិការរងស្រុកបាភ្នំដែលបានផ្ទុះអាវុធបណ្ដាលឲ្យពលរដ្ឋម្នាក់រងរបួស ក្នងពេលចុះបង្ក្រាបល្បែងបញ្ជល់មាន់នោះទីបំផុត នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យផ្អាកបណ្ដោះអាសន្ន និងបញ្ជូនសំណុំរឿងទៅតុលាការ

ខេត្តព្រៃវែង ៖ ទោះខ្លួនជាសមត្ថកិច្ចមានតួនាទីបែបណាក៏ដោយមុនការប្រើប្រាស់អាវុធ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ក្នុងករណីខ្លះសមត្ថកិច្ច មិនគួរប្រើប្រាស់អាវុធនោះទេ ដូចជាក្នុងករណីមួយនេះសមត្ថកិច្ច ចុះបង្ក្រាបអ្នកលេងល្បែងបញ្ជល់មាន់ បាន ផ្ទុះអាវុធត្រូវអ្នកលេងម្នាក់ បណ្តាលឱ្យរងរបួស ។

ទីបំផុត នាយឧត្តមសេនីយ៍ នេត សាវឿន បានចេញបទបញ្ជាឲ្យផ្អាកតួនាទីអធិការរងស្រុកបាភ្នំម្នាក់នោះបណ្ដោះអាសន្ន និងបញ្ជូនសំណុំរឿងសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ក្នុងករណីនេះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិតជាបានបញ្ជាឲ្យផ្អាកការងារបណ្ដោះអាសន្នអធិការរងស្រុកបាភ្នំ ពិតមែន។ ដោយលោកស្នងការបានប្រាប់ថាកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាភ្នំមានគ្នាចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបានចុះល្បាតចល័ត ប្រទះឃើញទីតាំងបនល្បែងស៉ីសងខុសច្បាប់ (ជល់មាន់) ស្ថិតក្នុង ភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ទើបឈានដល់ការបង្ក្រាប គ្រាន់តែឃើញកម្លាំង សមត្ថកិច្ចភ្លាម ក្រុមអ្នកលេងល្បែង ក៏បាននាំគ្នារត់ប្រសេចប្រសាច។

ខណៈនោះលោកអធិការរង ក៏បានស្រែក និងដកអាវុធខ្លីមកគំរាមឲ្យពួកគាត់ឈប់ ហើយលោកអធិការរង ក៏បានទៅចាប់ឃាត់ឈ្មោះ សាន វិច្ឆិកា អាយុ៣៦ឆ្នាំ ដែលកំពុងឡើងជិះម៉ូតូបម្រុងបើករត់នោះ ក៏កើតមានការប្រតាយប្រតប់គ្នាធ្វើឲ្យលោកអធិការរង និងឈ្មោះ សាន វិច្ឆិកា រួមទាំងម៉ូតូដួល បណ្ដាលឲ្យរាលកៃកាំភ្លើងផ្ទុះ១គ្រាប់ ត្រូវឈ្មោះ សាន វិច្ឆិកា រងរបួសចង្កេះខាងឆ្វេងតែម្ដង។ដោយក្រាំងមាស

Leave a Reply

Your email address will not be published. Required fields are marked *