ឯកឧត្តម ​ខូយ រីដាអភិបាលគណះអភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះពិនិត្យផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

ខេត្តពោធិសាត់៖នៅថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ លោកអភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញនិងរដ្ឋបាលសាលាក្រុងអញ្ជើញចុះពិនិត្យមើលការរងប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់បណ្តាលមកពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់លោកអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៥ខែមេសាឆ្នាំ២០២៣មានករណី ភ្លៀង ផ្គនិងខ្យល់កន្ត្រាក់បានគ្រប់ដណ្តប់ទាំង៧សង្កាត់នៃក្រុងពោធិ៍សាត់បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋរងការប៉ះពាល់ចំនួន៦៥ខ្នងផ្ទះស្មើនឹង ៦៥គ្រួសារ  ក្នុងនោះស្ថានភាពស្រាល៣៥ខ្នង មធ្យម១២ខ្នងនិងធ្ងន់ធ្ង១៨ខ្នង។

ក្នុងចំណោម៧សង្កាត់ក្នុងក្រុងពោធិសាត់ដែលមានស្ថានភាពទទួលរងប៉ះពាល់ច្រើនគឺសង្កាត់ចម្រើនផលមានចំនួន២៨ខ្នង ស្ថានភាព ស្រាលចំនួន១៥ខ្នង និងធ្ងន់ធ្ង១៣ខ្នងនិងសង្កាត់រលាប ចំនួន២៦ខ្នងក្នុងនោះស្ថានភាពស្រាល១៥ខ្នង មធ្យម១០ខ្នងនិងធ្ងន់ធ្ងចំនួន១ខ្នង។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចូលរួមសម្តែងការសោកស្តាយអំពីការខូចខាតផ្ទះសម្បែងបណ្តាលមកពីករណីខ្យល់កន្ត្រាក់លាយឡំភ្លៀងនិងផ្គកាលពីយប់ថ្ងៃទី១៥ខែមេសាស្របពេលប្រជាពលរដ្ឋរីករាយសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ.ស២០២៣។

ស្ថានភាពនៃគ្រោះធម្មជាតិឲ្យតែឈានចូលក្នុងខែ មិនា មេសានិងខែឧសភា តែងតែបង្កហានិភ័យច្រើនដូចជាអគ្គិសភ័យ ខ្យល់កន្ត្រាក់ភ្លៀងនិងផ្គរន្ទះស្ទើគ្រប់ទីកន្លែ បានបំផ្លិតបំផ្លាញ នូវហេដ្ឋារចនាសម្ពន្ធ័ដូចជាផ្ទះសម្បែង ទ្រព្យសម្បត្តិ និងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋយើងស្ទើរគ្រប់ស្រុកនិងគ្រប់ខេត្ត ជាក់ស្តែងនាពេលថ្មីៗនេះជាសក្ខីភាពស្រាប់។

ក្នុងឱកាសចុះពិនិត្យអំពីរស្ថានភាពរងការប៉ះពាល់លំនៅឋាននោះ ឯកឧត្តម បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់គ្រួសាររងគ្រោះធ្ងន់ធ្ង ព្រមទាំងសូមឲ្យអាជ្ញាធរមូលដ្ឋាននិងកម្លាំងប្រជាការពារភូមិ រួមសហការគ្នាធ្វើការជួសជុលលំនៅឋាននោះឡើងវិញឲ្យបានឆាប់រហ័ស។

ដោយឡែកប្រជាពលរដ្ឋចំនួន១១គ្រួសារដែលរស់នៅលើខ្នងទំនប់ ប្រឡាយស្ថិតក្នុងភួមិក្រាំងពន្លាក់ សង្កាត់ស្វាយអាត់ សូមឲ្យមេភូមិ ចៅសង្កាត់និងក្រុមការងារត្រូវស្រង់ឈ្មោះប្រជាពលរដ្ឋដែលគ្មានដីឲ្យបានច្បាស់លាស់ត្រឹមត្រូវ ដើម្បីឲ្យពួកគាត់ទៅរស់ទីតាំងថ្មីគឺជាដីសម្បទាសង្គមកិច្ចជាង២០ហិកតា ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ដោយក្នុងមួយគ្រួសារទទួលបានដីមួយកន្លែងមានបណ្តោយ៣០ម៉ែត្រនិងទទឹង១០ម៉ែត្រនិងបង្កើតជាភូមិដ្ឋាននៅទីនោះប្រសើរជាងរស់នៅលើខ្នងទំនប់ប្រឡាយគ្មានសណ្តាប់ធ្នាប់ និងគ្មានអនាម័យ។

ក្នុងខណៈនោះឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាអំពីគ្រោះធម្មជាតិ ត្រូវរកទីតាំងដែលសុវត្ថិភាព គោរពច្បាប់ចរាចរណ៍និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពដើម្បីភាពសុខសាន្តរបស់យើងទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *