រដ្ឋបាលស្រុកបរិបូរណ៍ចាត់វិធានការផ្នែករដ្ឋបាលចំពោះរថយន្តចតដឹកត្រី និងក្រុមអាជីវករលក់លើទ្រូងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ


កំពង់ឆ្នាំង៖  ក្រោមការចង្អុលបង្ហាញពីលោកចេង ចាន់ដូណា អភិបាលគណះអភិបាលស្រុកបរិបូរណ៍ដឹកនាំដោយលោក ប៉ាត សាវ៉ានអភិបាលរង​ស្រុក បរិបូរណ៍និង លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ មន្ត្រីក្រោមឱវាទស្រុកនិងក្រុមប្រឹក្សាឃុំកម្លាំងកងប្រដាប់អាវុធទាំង៣​លោកគ្រូអ្នកគ្រូសិស្សានុ​សិស្សមានគ្នាសរុបប្រម៉ាណជាង៥០នាក់ បាននាំគ្នាប្រមូលសំរាមនៅតាមដងផ្លូវនិងនៅបរិវេណជុំវិញផ្សាសមុទ្រទឹកសាបឆ្នុកទ្រូ។​

ប្រតិបត្តិការនេះនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ គេសង្កេតឃើញ ខាងរដ្ឋបាលស្រុកបានធ្វើការណែនាំអំពាវនាវចំពោះក្រុមជាជីវករទិញត្រី និងក្រុមអាជីវករលក់ដូរ មិនអនុញ្ញាតិឱ្យ យកទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មផ្ទាល់ខ្លួននោះឡើយ  ដែលធ្វើឱ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្តាលឱ្យមាន ការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង។

ថ្ងៃដដែលនោះលោកចេងចាន់ដូណា អភិបាលគណះអភិបាលស្រុកបរិបូរណ៍បានកោះប្រជុំ កម្លាំងដែលបានចុះទៅអនុវត្តផ្ទាល់ ដោយលោកអភិបាល បានធ្វើសេចក្ដីសម្រេច ជូនដំណឹងដល់លោក-លោកស្រីជាក្រុមអាជីវករទាំងអស់ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវ សណ្តាប់ធ្នាប់របៀបរៀបរយ សោភ័ណភាព និងជាប្រយោជន៍សាធារណៈ រដ្ឋបាលស្រុកបរិបូរណ៍បាន សម្រេចដាក់ចេញ ជាគោលការណ៍ចំនួន ៤ រួមមាន៖
ទី១. មិនអនុញ្ញាតឱ្យមានការដាក់តាំងលក់ដូរ និងចតរថយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ជាដាច់ខាតចាប់ពីពេលនេះតទៅ។
ទី២. រដ្ឋបាលស្រុកបរិបូរណ៍ទុកពេលកំណត់ត្រឹមថ្ងៃស្អែកគឺថ្ងៃទី២៤ ខែមករាឆ្នាំ២០២៣ ជាកំណត់ដើម្បីឱ្យលោក-លោកស្រីយករថយន្ត រើតូប រើអីវ៉ាន់ និងរើទំនិញផ្សេងៗចេញជាកំហិត។
 ទី៣. ក្នុងករណី លោក-លោកស្រី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាល ស្រុកនេះទេ នោះខាងរដ្ឋបាលស្រុកនឹងចុះអនុវត្តវិធានការរដ្ឋបាល នឹងយករថយន្ដ លើកយកអីវ៉ាន់និងឧបករផ្សេងៗយកទៅសាលាស្រុកបរិបូរណ៍ធ្វើការផាកពិន័យ ​ ដោយមិនទទួលខុសត្រូវ រាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិរបស់លោក-លោកស្រីឡើយ។
ទី៤.ចំណែករថយន្តដឹកត្រីដឹកលៀស និងដឹកទំនិញផ្សេងៗអាជ្ញាធរស្រុកបរិបូរណ៍មិនអនុញ្ញាតឱ្យចតនៅលើដងផ្លូវសាធារណៈបន្តទៀតឡើយត្រូវរកទីតាំងចតដោយខ្លួនឯង។ ការសម្រេចអនុវត្តរបស់អាជ្ញាធរស្រុកបរិបូរណ៍នៅពេលនេះ គឺដើម្បីរក្សាបាននូវ បរិស្ថានល្អ សណ្តាប់ធ្នាប់មានរបៀបរៀបរយ សោភ័ណ ភាព ល្អនិងជាប្រយោជន៍សាធារណៈពិសេសគិតគូដល់សុខមាភាពរបស់ប្រជាពលរដ្ឋជាចម្បងស្រប តាមការណែនាំ របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលគណះអភិបាល ខេត្តកំពង់ឆ្នាំង ស្ដីពីការ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវ និងទីធ្លាសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង៕ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *