មច្ឆាជាតិបឹងទន្លេសាបមិនអាចសម្បូរឡើងវិញបានទេ បើបទល្មើសដាក់(ឆ្នុក) មានសន្ទុះកើនឡើង

ខេត្តពោធ៌សាត់៖ បញ្ហាបទល្មើសនេសាទដាក់(ឆ្នុក) នៅតែមានសន្ទុះកើតឡើង គ្មានការថមថយឡើយ ទោះកន្លងមកអង្គភាពគេហទំព័រ KMTVnews.com  ធ្លាប់បានផ្សព្វផ្សាយជាបន្តបន្ទាប់ បានបញ្ជាក់ប្រាប់ អំពីទីតាំង នៃបទល្មើស ដែលក្រុមជនល្មើស បានដាក់ពង្រាយចាប់យកកូនត្រីល្អិតៗគ្រប់ប្រភេទទាំងយប់ ទាំងថ្ងៃ រាប់រយតោន យ៉ាងណាក៏ដោយ ប៉ុន្តែមន្ត្រីជំនាញនៅក្នុងខេត្តពោធិ៍សាត់និងមន្ត្រីថ្នាក់ជាតិនៅក្នុងតំបន់នោះ ច្រើនស្អេកស្កះ រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ ទៅវិញ អ្នកកាសែតធ្លាប់ធ្វើបទសម្ភាសន៍ឆ្លើយដោះសារ ជួបការលំបាកអញ្ចេះអញ្ចោះជាដើម បណ្ដាលអោយឲ្យមហាជនដាក់ការសង្ស័យមានការឃុបឃិតជាប្រព័ន្ធ ទើបបណ្ដែតបណ្ដោយឲ្យបទល្មើសកើតឡើងគ្មានការទប់ស្កាត់និងបង្ក្រាបបែបនេះ ។

-យោងតាមសេចក្ដីរាយការណ៍ ពីរប្រជានេសាទលក្ខណៈគ្រួសារ និងអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលធុនធានធម្មជាតិបឹងទន្លេសាប បានប្រាប់ឲ្យដឹងទៀតថា បច្ចុប្បន្ននេះបទល្មើស(ឆ្នុក)ដាក់អំពូលរួមផ្សុំ កំពុងរីករាលដាលយ៉ាងខ្លាំងគ្មានការថមថយឡើយ។ មើលនៅពេលយប់ ភ្លឺដូចទីក្រុងបណ្ដែតទឹកអញ្ចឹងដែរ ដោយ ក្រុមជនល្មើសដាក់ពង្រាយ ពាសពេញផ្ទៃទឹកទន្លេ ទាំងយប់ ទាំងថ្ងៃ ក្នុងភូមិសាស្ត្រ ភូមិកំពង់ថ្គោល ចំណុចជ្រោយស្ដី ក្នុងឃុំអន្សាចំបក់ និង ភូមិកំពង់លួង ភូមិកំពង់ប្រាក់ ឃុំកំពង់លួង ស្រុកក្រគរ ភូមិកោះក្អែក ភូមិផាត់សណ្ដោយ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធ៌សាត់ ។

នៅពេលយប់ក្រុមជនល្មើសដាក់(ឆ្នុក) ចាប់ពី១០០០ទៅ១៥០០ កន្លែងភ្លឺដូចទីក្រុងភ្នំពេញ ក្រុមជនល្មើសចាប់កូនត្រីល្អិតៗគ្រប់ប្រភេទ រាប់រយតោនក្នុង១យប់ៗ នៅពេលថ្ងៃ ពួកគេបោះនុយ ពេលត្រីចូលមកកុំច្រើន លើក(ឆ្នុក)ក្រសោប ចាប់យកកូនត្រីល្អិតៗរាប់រយតោន មិនចាញ់នៅពេលយប់ប៉ុន្មានឡើយ។

ប្រភពដដែលបានប្រាប់បន្តថា យូៗម្ដងគេសង្កេតឃើញ កម្លាំងជំនាញថ្នាក់ខេត្តនិងកម្លាំងចម្រុះថ្នាក់ជាតិ សហការគ្នាចុះបង្ក្រាបខ្លះៗដែរ យករបាយការណ៍ជូនប្រតិភូរាជរដ្ឋាភិបាល ប៉ុន្ដែធាតុពិតចុះបង្ក្រាបគ្មានប្រសិទ្ធភាពម្ដងណាឡើយ នាំអោយមានការរិះគន់ចំៗថា ចុះបង្ក្រាបបានតែបទល្មើសតូចតាច គ្មានលុយឲ្យខ្លួននិងបក្សពួកខ្លួនតែប៉ុណ្ណោះ។

បើយោងតាមប្រភពពីមន្ត្រីជលផលចូលនិវត្តន៍ម្នាក់លក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា សកម្មភាពដាក់ឆ្នុកនៅចំណុចខាងលើ បានកើតឡើងជារៀងរាល់ឆ្នាំ នឹងបានក្លាយទៅជាតំបៅមហារីក គ្មានថ្នាំព្យាបាល ឲ្យជាសះស្បើយបានទេ ខណៈមន្ត្រីមានតួនាទីនៅបឹងទន្លេសាបភាគច្រើន គិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀបពុករលួយ រកលុយជំនួយប្រាក់ខែ ប៉ុន្តែពួកគេរស់នៅមានសិទ្ធិសេរីភាពក្រៅច្បាប់ មិនដែលភ័យខ្លាចនឹងច្បាប់ប្រឆាំងអំពើពុករលួយអ្វីឡើយ។

ជុំវិញករណីខាងលើនេះ អង្គភាព KMTVnews.com យើងមិនអាចសុំធ្វើការបំភ្លឺណាមួយ ពីលោកភុំ និមលនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធ៌សាត់និងប្រធានគណៈកម្មាការថ្នាក់ជាតិបាននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១១ខែឆ្នូ ឆ្នាំ២០២២នេះដោយគ្មានលេខទូរសព្ទ័ទំនាក់ទំនង ។

ប្រជាពលរដ្ឋ និងអ្នកនេសាទលក្ខណៈគ្រួសារនៅក្នុងខេត្តពោធិ៍សាត់ បាន សំណូមពរ ជូនទៅ ឯកឧត្តម ខូយ រីដា អភិបាលគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម លោក ឌិត ឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្តមទេសរដ្ឋមន្ត្រី ឱក យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ សូម ឯកឧត្តម មេត្តាជួយពិនិត្យនិងស្រាវជ្រាវនូវសកម្មភាពរបស់ក្រុមឈ្មួញនិងមន្ត្រីខលខូចមួយចំនួនដែលជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយ ល្មមដល់ពេល យកទៅអនុវត្តតាមផ្លូវច្បាប់ឱ្យរាងចានម្ដងហើយ ចូលរួមគ្នាថែរក្សាធនធានជាតិ ជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នាដើម្បីឱ្យមច្ឆាជាតិបឹងទន្លេសាបឱ្យសំបូរឡើងវិញ៕
ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *