ឈើសន្និធិគ្មានលិខិតអនុញ្ញាតជាច្រើនម៉ែត្រគូប ត្រូវបានបង្រ្កាប និងរឹបអូស

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅរសៀលថ្ងៃទី២៥ និងព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករវៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលរំដោះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានរួមមាន អនុភូមិស្វាយប៉ាត និងជំទប់ទី១ ឃុំរំដោះ បានចុះទប់ស្កាត់ ស្រាវជ្រាវ រុករក បង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ នៅចំនុចត្រពាំងព្រៃ និយាមកាលេខ ៥០១០៥៣-១៤៨៧៤៧៨ ស្ថិតនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

លោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើវៀង បានឱ្យដឹងថា បន្ទាប់ពីយើងបានមកដល់ទីតាំងខាងលើ យើងបានប្រទះឃើញការសន្និធិឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នូវឈើអារចម្រុះប្រភេទលេខ១ (សុក្រម, ផ្ចឹក, ស្រឡៅ) ដោយជនល្មើសបានរត់គេចខ្លួនបាត់ តែនៅចំពោះមុខក្រុមការងារ មន្រ្តីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាឈើទាំងអស់នេះជារបស់ឈ្មោះ ហួ សារិទ្ធ ភេទប្រុស និងឈ្មោះ ព្រីង វុធ ស្នាក់នៅទីតាំងខាងលើ។

លោក ស៊ុំ ស៊ីវត្ថា បន្តថា ប្រតិបត្តិការខាងលើធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងដោយមានការអនុញ្ញាតពី ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ។

លោកបន្ថែមថា ឈើដែលយកមកលាក់ទុកនៅចំណុចខាងលើនោះ គឺក្រុមឈ្មួញរងចាំឱកាសល្អ ទើបលួចដឹកជញ្ជូនចេញ ក៏ប៉ុន្តែដោយមានការចុះល្បាតពីកម្លាំងសមត្ថកិច្ចដោយឃើញគំនរឈើ ទើបធ្វើការបង្រ្កាប និងរឹបអូសបានទាន់ពេលដែលក្រុមឈ្មួញមិនទាន់បានដឹកចេញ។

លោកនាយផ្នែក បញ្ជាក់ថា រាល់បទល្មើសធនធានធម្មជាតិ ការរក្សាទុក និងការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតនេះ ក្រុមការងារនឹងធ្វើការបង្ក្រាបដូចភ្លៀងរលឹម ទោះបីក្រុមឈ្មួញប្រើប្រាស់រូបភាពណាមួយដើម្បីបន្លំភែ្នកសមត្ថកិច្ចយ៉ាងណាក៏ដោយ។

បច្ចុប្បន្ន វត្ថុតាងឈើខាងលើត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីធ្វើការវាស់វែង និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ៕

Leave a Reply

Your email address will not be published. Required fields are marked *