ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងលោក ឡាង សារូ អភិបាលរងស្រុកកំពង់ស្វាយ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ
នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។

នាឱកាសនោះ អគ្គស្នងការនគរបាលជាតិ បានសម្រេច ផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន ០១នាក់ (ស្រី) និងតម្លើងឋានន្តរសក្តិ ចំនួន១៦នាក់៖ ថ្នាក់អនុសេនីយ៍ឯកចំនួន ០២នាក់, ថ្នាក់អនុសេនីយ៍ទោចំនួន ០៩នាក់, ថ្នាក់អនុសេនីយ៍ត្រីចំនួន ០៣នាក់ និងថ្នាក់ព្រិន្ទបាលឯកចំនួន ០២នាក់។

លោក ឡាង សារូ អភិបាលរងស្រុកកំពង់ស្វាយ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមអនុវត្ត តួនាទី ភារកិច្ច របស់កងកម្លាំង ដើម្បីថែរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សារណ: និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ ប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមកិច្ចសហការរវាងកម្លាំង និងអាជ្ញាធរដែលពាក់ព័ន្ធ រហូតទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់នាពេលកន្លងមកនេះ។

លោកអភិបាលរងស្រុក បានស្នើដល់បងប្អូនកងកម្លាំង ត្រូវបង្កើនប្រសិទ្ធិការងារការ ផ្តល់សេវាសាធារណ:ដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព ដោះស្រាយសំណូមពរនានារបស់ប្រជាជន ដោយមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលថ្នាក់ដឹកនាំចង់ដឹងអំពីសុខទុក្ខ សុខុមាលភាពរបស់បងប្អូនកងកម្លាំង តាមបណ្តាមូលដ្ឋានឃុំ-សង្កាត់ ដែលជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ។

ហើយលោកស្នងការ បានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោកអភិបាលរងស្រុក និងអបអរសាទរចំពោះមន្ត្រីនគរបាលជាតិ ដែលទើបតម្លើងតួនាទី បំពាក់ឋានន្តរសក្តិថ្មីនាឱកាសនេះ។ ហើយលោកស្នងការ សង្ឃឹមថាបងប្អូនដែលពុំទាន់បានតម្លើងតួនាទី បំពាក់ឋានន្តរសក្តិថ្មី សូមបងប្អូនខិតខំប្រឹងប្រែងចំពោះការចូលរួំអនុវត្ត តួនាទី ភារកិច្ច បេសកកម្មរបស់អង្គភាពឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីទទួលបានការតម្លើង តួនាទី ឋានន្តរស័ក្តិ នាពេលឆាប់ៗនេះ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ
នគរបាលខេត្ត បានថ្លែងពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ តាមរយៈកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យកងកម្លាំង ដើម្បីត្រៀមខ្លួនរួចជាស្រេច រង់ចាំអនុវត្តគោលការណ៍បទបញ្ជារបស់ថ្នាក់ដឹកនាំ បានទាន់ពេលវេលាចំពោះកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ហើយថ្លែងជម្រុញបន្ថែមអំពីរបៀបរបបការងារជំនាញ ដើម្បីបង្កើនសមត្ថភាពសម្រាប់បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើងតាមមូលដ្ឋាន ថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ “ភូមិ-ឃុំ” មានសុវត្ថិភាព។

លោកស្នងការ បានថ្លែងផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អប្រពៃជាប្រចាំថ្ងៃ ដើម្បីជៀសផុតពីជម្ងឺដ៏កាចសាហាវ ជាពិសេសចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង នៃការរីករាលដាលជម្ងឺកូវីដ-១៩ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *