កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំសប្តាហ៍ និងដាក់ចេញទិសដៅការងារយោធាប្រចាំសប្តាហ៍បន្ត ឆ្នាំ២០២០ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០នេះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំសប្តាហ៍ និងដាក់ចេញទិសដៅការងារយោធាប្រចាំសប្តាហ៍បន្ត ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងមានការចូលរួមពីមេបញ្ជាការរង នាយទាហាន នាយទាហានរងជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានផ្តាំផ្ញើដល់មេបញ្ជាការរង នាយ នាយរង និងពលទាហានទាំងអស់ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវខិតខំបំពេញការងារតាមផ្នែកឲ្យបានល្អប្រសើរ និងសូមរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាយោធិនត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ក្នុងការលើកស្ទួយជីវភាពរស់នៅ និងសុខមាលភាពរបស់កងទ័ព និងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ ដែលបង្កឡើងដោយកត្តាមនុស្ស ឬធម្មជាតិ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឲ្យបានរហ័សបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *