
ដោយ៖ មាន រតនា
កំពង់ធំ៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារសាខា អនុសាខាក្រុងស្ទឹងសែន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ១២៨គ្រួសារ ក្នុងសង្កាត់ចំនួន០៨ ស្មើនឹង២៩ភូមិ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះ ឯកឧត្ដម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក ជាមួយការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខ លំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ជាមួយគ្នានោះ ឯកឧត្ដម បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសាច់ញាតិបងប្អូនត្រឡប់មកពីបរទេសត្រូវរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមិនមានកន្លែងសម្រាប់ឲ្យគាត់ស្នាក់នៅដាច់ដោយឡែក សូមរាយការណ៍ជូនអាជ្ញាធរស្រុក-ខេត្ត ព្រោះយើងបានរៀបចំទីកន្លែងត្រឹមត្រូវសម្រាប់ឱ្យស្នាក់នៅ ផ្ដល់អាហារគ្រប់គ្រាន់ និងមានក្រុមគ្រូពេទ្យជំនាញរងចាំពិនិត្យតាមដានសុខភាពជាប្រចាំ ឯកឧត្ដមបានសំណូមពរបន្ថែមដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឯកឧត្ដម ក៏បានជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ និងប្រសិនបើចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលផ្តល់ជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ១២៨គ្រួសារ ដោយក្នុង០១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, សាប៊ូ១ដុំ និងច្រាសចំនួន១ផងដែរ៕
