ព្រានព្រៃម្នាក់ប្រឈមជាប់ពន្ធនាគារ ដោយខ្វះការយល់ដឹង បាញ់សម្លាប់សត្វស្វាកន្ទុយស ១ក្បាលនៅខេត្តស្ទឹងត្រែង ដែលជាប្រភេទសត្វកម្រ

ស្ទឹងត្រែង៖ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានសម្ដែងនូវការសោកស្ដាយ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់សម្លាប់សត្វស្វាកន្ទុយស នៅខេត្តស្ទឹងត្រែង ដែលជាប្រភេទសត្វកម្រ នៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

ឯកឧត្តម នេត្រ ភក្ដ្រា បានថ្លែងថា ចំពោះជនសង្ស័យដែលបានបាញ់សម្លាប់សត្វស្វាកន្ទុយសម្នាក់នោះគឺត្រូវបានមន្ដ្រីក្រសួងបរិស្ថានបានទទួលជនសង្ស័យពីអាវុធហត្ថខេត្តស្ទឹងត្រែងហើយ ដើម្បូរៀបចំកសាងសំណុំរឿងនិងត្រៀមបញ្ជូនជនសង្ស័យទៅតុលាការខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីអនុវត្តិតាមនិតិវិធីច្បាប់។

ដោយឡែក សត្វស្វាកន្ទុយស ដែលព្រានព្រៃសម្លាប់នោះត្រូវបាន សមត្ថកិច្ចយកទៅដុតរំលាយរួចរាល់ហើយ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ។

ឯកឧត្តម នេត្រ ភក្ដ្រា បានឲ្យដឹងបន្ថែមទៀតថា រហូតមកដល់ពេលនេះ សត្វស្វាកន្ទុយស នៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង២ម៉ឺនក្បាល ដែលកំពុងមានវត្តនៅភាគខាងកើត និងខាងជើងទន្លេមេគង្គ ពោលមាននៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ។ ខេត្តមណ្ឌលគិរី ជាខេត្តដែលមានសត្វស្វាកន្ទុយសច្រើនជាងគេ ពិសេសក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា។

នាឱកាសនោះ ឯកឧត្តមនេត្រ ភក្ដ្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកនៅតំបន់ព្រៃភ្នំ សូមបញ្ឈប់ការបាញ់សម្លាប់សត្វ ដើម្បីយកមកធ្វើជាចំណីអាហារ ឬដើម្បីផលប្រយោជន៍ផ្សេងៗ ព្រោះថាមកទល់ពេលនេះ សត្វព្រៃមួយចំនួនបានជិតផុតពូជទៅហើយ។

សូមជម្រាបថា ស្វាកន្ទុយស ដែលជាសត្វកម្រនៅខេត្តស្ទឹងត្រែង ត្រូវគេបាញ់ចំកណ្ដាលក្បាលបណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចក្រឡាពុះ ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្រោយមានហេតុការណ៍នេះ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានស្រាវជ្រាវភ្លាមៗ ដោយសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស រហូតឈានដល់ការចាប់ខ្លួនបានជនសង្ស័យផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលធ្វើសកម្មភាពបាញ់សម្លាប់សត្វស្វាកន្ទុយសនេះ ឈ្មោះ ណាំ យ៉ុន អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន។ ក្នុងនោះសមត្ថកិច្ចដកហូតបាន សត្វស្វា (ប្រភេទស្វាកន្ទុយស) ចំនួន០១ក្បាល និងអាវុធកែឆ្នៃ (កាំភ្លើងខ្យល់) ចំនួន០១ដើមផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *