សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្រ្តីមេម៉ាយនិងចាស់ជរាគ្មានទីពឹងសរុបចំនួន៣២គ្រួសារ

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ លោក សំ លាងទ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ សរុបចំនួន៣២គ្រួសារ មកពីភូមិទាំង៦ ក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហា ដោយក្តីនឹករលឹកជាមួយការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ជាមួយគ្នានោះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសាច់ញាតិបងប្អូនត្រឡប់មកពីបរទេសត្រូវរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗ ក្នុងករណីមិនមានកន្លែងសម្រាប់ឲ្យគាត់ស្នាក់នៅដាច់ដោយឡែក សូមរាយការណ៍ជូនអាជ្ញាធរស្រុក-ខេត្ត ព្រោះយើងបានរៀបចំទីកន្លែងត្រឹមត្រូវសម្រាប់ឱ្យស្នាក់នៅ ផ្ដល់អាហារគ្រប់គ្រាន់ និងមានក្រុមគ្រូពេទ្យជំនាញរងចាំពិនិត្យតាមដានសុខភាពជាប្រចាំ។

លោក សំ លាងទ្រី ក៏បានជម្រុញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងប្រសិនបើចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ សរុបចំនួន៣២គ្រួសារនោះ ដោយក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ១យួរ, ទឹកក្រូចកូកាកូឡា៤កំប៉ុង និងថវិកាចំនួន ២០,០០០រៀល។

  • ក្នុងនោះគ្រួសារអាទិភាពចំនួន ០២គ្រួសារ ដោយក្នុង០១គ្រួសារបន្ថែមនូវ៖ ថវិកា ២០០,០០០រៀល។
  • ប្រគេនទ័យវត្ថុព្រះសង្ឃគង់នៅវត្តទក្សិនគិរី ហៅវត្តសំឡាញរួមមាន៖ អង្ករ៥០គីឡូក្រាម, មី២កេស, ត្រីខ២យួរ, ទឹកស៊ីអីវ១យួរ, ទឹកសុទ្ធ២កេស, ទឹកក្រូច២កេស និងថវិកា ៤០០,០០០រៀលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *