ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ស្ពានស្ទឹងស្តៅ

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តមឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធទាំង៣ ជាច្រើនរូប ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ពានស្ទឹងស្តៅ ស្ថិតក្នុងភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរងការឆាបឆេះដោយសារភ្លើងព្រៃ នាកន្លងមក និងសមត្ថិផលផ្សេងៗទៀត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអបអរសារទរចំពោះសមិទ្ធិផលថ្មីមួយនេះ ដែលនឹងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តម បានអរគុណចំពោះរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីក្រោមឱវាទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងកសាងស្ពាននេះឡើងវិញ ជំនួសឲ្យស្ពានឈើចាស់ទ្រុឌទ្រោមដែលបានឆេះកន្លងមក។

លោក សំ លាងទ្រី បានថ្លែងឲ្យដឹងថា ស្ពានស្ទឹងស្តៅនេះ ត្រូវបានកសាងឡើងវិញដោយដែកបេឡេ និងក្រាលឈើ មានប្រវែង៤៨ម៉ែត្រ និងទទឹង៤.២ម៉ែត្រ។ ស្ពាននេះបម្រើផលប្រយោជន៍ប្រជាពលរដ្ឋចំនួន០៣ភូមិគឺ៖ ភូមិសុច ភូមិត្រពាំងធ្លក និងភូមិតាបោះ ក្នុងឃុំស្តៅ ស្រុកសង្គមថ្មី ហួសទៅតំបន់អភិរក្សសត្វព្រៃភ្នំត្នោត និងភ្នំពក។

លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ស្ពានដែកបេឡេថ្មីឆ្លងស្ទឹងស្តៅនេះ គឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេពី ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឧបត្ថម្ភឈើក្រាលស្ពានដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា និងឯកឧត្តម ប្រាក់ សុវណ្ណ ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មិនមានថវិការបស់សប្បុរសជនណាផ្សេងនោះទេ។

លោកថា «ចំពោះឈើដែលក្រាលស្ពាននេះ គឺយកឈើចាស់ៗដែលរលំនៅក្នុងព្រៃ មិនបានកាត់ឈើថ្មីយកមកប្រើនោះទេ ហើយចំពោះឈើក្រាលស្ពាននោះ គឺមានការពិនិត្យ និងរាប់ជារៀងរាល់ថ្ងៃពីលោក បេន ដេវីស ជនជាតិអាមេរិកកាំង ដែលជាអ្នកការពារសត្វព្រៃ និងព្រៃឈើតំបន់អភិរក្សភ្នំត្នោត និងភ្នំពក៕

Leave a Reply

Your email address will not be published. Required fields are marked *