សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងចូលរួមសំណេះសំណាលជាមួយនិវត្តជន និងមន្រ្ដីនគរបាលជាង១០០០នាក់

ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបម្រើការងារ ១ខ្នង កម្ពស់២ជាន់ ស្មើ១៤បន្ទប់ និងសំណេះសំណាលជាមួយនិវត្តជន ចំនួន ៥០៤នាក់ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៨៨១នាក់កាលពីនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បាន មានប្រសាសន៍ អបអរសាទរនូវសមិទ្ធផលនានា របស់និវត្តន៍ជននៅខេត្តបាត់ដំបង សម្រេចបាននាពេលកន្លងមក សម្ដេចសង្ឃឹមជឿជាក់ថា ក្នុងពេលអនាគត និវត្តន៍ជននៅតែរក្សានូវទឹកចិត្តមនោសញ្ចេតនា គាំទ្រដល់បេសកកម្មដ៏ឧត្តុងឧត្តមក្នុងខេត្តបាត់ដំបងនេះ ដដែល ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំង ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួន ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ ការពារគោលនយោបាយទាំង៩ចំណុចបានល្អជាក់ស្តែងក្នុងការបង្រ្កាបបទល្មើស សកម្មបទល្មើសមាននៅការថយចុះ ហើយការបង្ក្រាបក៏ទទួលបានលទ្ធិផលខ្ពស់ ក្នុងនោះ សម្ដេចមើលឃើញថា មានឃុំជាច្រើនបានទទួលចំណាត់ថ្នាក់លេខ១ លេខ ២ លេខ៣ ហើយ ឃុំ សង្កាត់ ដែលគ្មានចំណាត់ថ្នាក់នោះ បានន័យថា «មិនមែនខិតខំប្រឹងប្រែងទទួលខុសត្រូវ ក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋឡើយ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដល់ស្នងការដ្ឋាន អធិការដ្ឋាននគរបាល នៅតាមក្រុង ស្រុក នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាម ឃុំ សង្កាត់ ដើម្បីនគរបាលគ្រប់ថ្នាក់ គ្រប់ផ្នែក មានទឹកចិត្តក្នុងការបំពេញបេសកកម្មរបស់ខ្លួន សម្តេច សង្ឃឹមថា គណៈបញ្ជាការឯកភាព នឹងបន្តបំពេញបេសកកម្មនេះបន្តទៀត។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ក្រុមការងារខេត្ត ក្រុមកាងារស្រុក ក្រុមការងារឃុំ របស់រាជរដ្ឋាភិបាល ដែលកន្លងទៅនេះបានចំណាយពេលវេលា ធនធានយ៉ាងច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ តែដោយឡែកក៏បានជួយដល់វិស័យសន្តិសុខ នៅមូលដ្ឋានផងដែរ ហើយសម្តេចសង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅតែបន្តការចូលរួមចំណែកនេះបន្តទៅទៀតដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ៕

Leave a Reply

Your email address will not be published. Required fields are marked *