
ខេត្តពោធិ៍សាត់៖ថ្ងៃទី១៣ខែមេសាឆ្នាំ២០២៣រដ្ឋបាលខេត្តពោធិ៍សាត់មានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្តសុំសេចក្តីសុខក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចកស័កព.ស២៥៦៧ គ.ស២០២៣នៅអាគាររដ្ឋបាលខេត្តដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុកក្រុងនិងមន្ត្រីសាលាខេត្ត។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានផ្ញើសារប្រគេននិងជូនពរ ដល់ព្រះសង្ឃគ្រប់អង្គនិងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ទាំងក្នុងក្រុមគ្រួសារនិងសង្គមជាតិទាំងមូលចូលរួមអបអរសាទរក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥និង១៦ខែមេសាឆ្នាំ២០២៣សូមទទួលបានពរជ័យសិរីសួស្តីជ័យមង្គល បវរប្រសើរ វិបុលសុខ គ្រប់ប្រការ ។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ពេលនេះគឺជាឱកាស ឲ្យប្រជាពលរដ្ឋយើងរួមគ្នាជម្រុះចោលឲ្យជ្រះស្រឡះនូវភាពអពមង្គល ឧបទ្រពចង្រៃនិង មន្ទិលហ្មងសៅទាំងពួងក្នុងឆ្នាំចាស់ហើយតាំងចិត្តថ្មីប្រព្រឹត្តអំពើល្អប្រកបដោយមេត្តា មុទិតា ឧបេក្ខា និងបញ្ញា ចាប់ពីឆ្នាំថ្មីនេះទៅសង្គមជាតិមាតុភូមិស្ថិតក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្រោម ដំបូលនៃរដ្ឋធម្មនុញ្ញ ក្រោមដំបូលសន្តិភាពនិងក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងមូលដ្ឋាននៃមហាសាមគ្គីឯកភាពជាតិរឹងមាំ។

ឯកឧត្តម ខូយ រីដា បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ខេត្តពោធិ៍សាត់ក៏ដូចបណ្តារាជធានី ខេត្ត និងសម្រេចបាននូវសមិទ្ធិផលធំៗជាច្រើនគួរជាទីមោទនៈទាំងការងារអភិវឌ្ឍន៍ ការ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់និងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជាដើម។

ជាមួយគ្នានេះដែរឯកឧត្តម ខូយ រីដា សូមបួងសួងដល់បុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធក្នុងលោកជាពិសេសបារមីលោកតាឧកញ៉ាឃ្លាំង មឿងនិងលោកជំទាវ ខាន់ខឿវ ព្រះអង្គចៅសែន និងទេវតាឆ្នាំថ្មីប្រសិទ្ធិពរប្រគេនដល់ព្រះសង្ឃនិងជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តពោធិ៍សាត់ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ។សូមទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី ជួយអភិបាលគ្រប់គ្រង ថែរក្សា គាំពារនិងប្រសិទ្ធិពរជ័យ សិរីសួស្តី ដល់ព្រះសង្ឃនិងប្រជាពលរដ្ឋគ្រប់ៗរូបឲ្យមានសន្តានចិត្តជាកុសល យោគយល់ អព្យាស្រ័យសន្តោសប្រណីនិងរួបរួមសាមគ្គីគ្នាជាមហាគ្រួសារតែមួយនៅលើទឹកដីមាតុភូមិដោយក្តីសុខក្សេមក្សាន្ត កិត្តិយសនិងសេចក្តីថ្លៃថ្នូ។

តាមរយៈសារជូនពរនេះដែរឯកឧត្តម ខូយ រីដា ក៏បានធ្វើការអំពាវនាវ គ្រប់មន្ទីរ អង្គភាព រដ្ឋបាលស្រុកក្រុង ទីវត្តអារាម គ្រឹះស្ថានសិក្សា សាលារៀនតំបន់ទេសចរណ៍ រមណី ដ្ឋាន និងសហគមន៍ទេសចរណ៍ត្រូវរៀបចំតុបតែងលម្អទៅដោយភ្លើងចម្រុះព៌ណ សង្ក្រាន តាំងពិព៌ណ ប្រគុំតន្ត្រី រាំកំសាន្ត លេងល្បែងប្រជាប្រិយ ចោលឈូង បោះអង្គុញ ទាញព្រាត់និងល្បែងប្រពៃណីជាច្រើនទៀត ក្នុងគោលបំណងបង្កើនភាពសប្បាយរីករាយនិងរួមគ្នាថែរក្សា អភិរក្សនូវវប្បធម៌ជាតិ។

នៅក្នុងអំឡុងចូលឆ្នាំរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីនេះ ក្នុងនាមរដ្ឋបាលសូមធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាពិសេសយុវជន យុវនារីត្រូវមានការប្រុងប្រយ័ត្នចំពោះបញ្ហាប្រឈមនានាកុំឲ្យមានការកើតឡើងដូចជាគ្រោះថ្នាក់ចរាចរណ៍ អគ្គិសភ័យនិងចូលរួមថែរក្សាអនាម័យ បរិស្ថានទក្រោយពីបញ្ចប់ចូលឆ្នាំ ។

រដ្ឋបាលខេត្តសង្ឃឹមនឹងជឿជាក់យ៉ាងមុតមាំថាគ្រប់ស្ថាប័ននិងវិស័យឯកជនពិតជាចូលរួមនិងអនុវត្តប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាព៕