កំពង់ឆ្នាំង៖ខ្យល់កន្ត្រាក់បានកួចដំបូលផ្ទះមួយខ្នងអស់គ្មានសល់និងធ្វើឲ្យកូនខ្ទមមួយខ្នងផ្សេងទៀតក្រឡាប់ផ្ងាជើងឡើងលើ តែសំណាងល្អមិនមានមនុស្សណាម្នាក់រងរបួសឡើយ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង 1រសៀលថ្ងៃទី 3 ខែមេសាឆ្នាំ 2020 ខ្យល់កន្ត្រាក់បានកួចដំបូលផ្ទះរបស់ប្រជាពលរដ្ឋបម្លាស់ទីទឹកឡើងគោកចំនួន២ខ្នងក្នុងនោះមួយខ្នងអស់ដំបូលទាំងស្រុងនិងកូនខ្ទមមួយខ្នងផ្សេងទៀតក្រឡាប់ផ្ងាជើងឡើងលើទាំងកណ្ដាលថ្ងៃត្រង់នៅត្រង់ចំណុចជាប់ផ្លូវលេខ 52ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សំណាងល្អមិនមានមនុស្សណាម្នាក់រងរបួសឡើយ។
លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានប្រាប់ឲ្យអ្នកសារព័ត៌មានយើងដឹងថា ផ្ទះមួយខ្នងដែលខ្យល់កន្ត្រាក់ឆក់យកដំបូលអស់ស្ទើរទាំងស្រុងនោះម្ចាស់ឈ្មោះកែវ ភារម្យ អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះចេក សំនាងមានកូនចំនួន៥នាក់ និងស្ត្រីម្នាក់ទៀតឈ្មោះ យាយនី គ្មានប្តី គ្មានកូន និង មានចរិតមិនគ្រប់ រស់នៅលើកូនខ្ទមជាប់នឹងផ្លូវជាតិលេខ 52 ខ្យល់កន្តាក់ក្រឡាប់កូនខ្ទមជាច្រើនត្រឡប់ តែសំណាងល្អ ស្ត្រីចំណាស់មិនគ្រប់លក្ខណះនៅក្នុងនោះមិនមានការរងរបួសធ្ងន់ធ្ងរឡើយ។
លោកសាំង គឹមស៊ន បានប្រាប់ឲ្យដឹងបន្ថែមទៀតថា រាល់ការខូចខាតនៃឥទ្ធិពលខ្យល់កន្ត្រាក់កួចដំបូលផ្ទះរបស់ប្រជាពលរដ្ឋរងការខូចខាតខាងលើនេះ លោកសាំង គឹមស៊ននិងភរិយា មានទឹកចិត្តសប្បុរសធម៌ ចំណាយថវិកាផ្ទាល់ខ្លួន ទិញសង្កសីជួសជុល ឲ្យប្រជាពលរដ្ឋវិញផងដែរ៕