ខេត្តកំពង់ឆ្នាំង ផ្ទះចំនួន ៣ ខ្នងត្រូវបានអគ្គីភ័យឆាបឆេះ បណ្ដលលឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង ១០ និង ១០ នាទីព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មានករណីអគ្គីភ័យឆាបឆេះផ្ទះបណ្ដាលឱ្យខូចខាតចំនួន៣ខ្នងក្នុងចំណោមផ្ទះទាំង៣ ខ្នង មានផ្ទះ ២ខ្នងត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុង និងផ្ទះ១ខ្នងទៀត ឆេះប្រម៉ាណ ៥០%។ ផ្ទះទាំងនោះគឺជាផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកឡើងមកនៅលើគោក សង់ជាប់ៗគ្នា ប៉ុន្តែផ្ទះទាំងនោះជាផ្ទះលិចទឹកនៅរដូវវស្សា។ ម្ចាស់ផ្ទះទី១ ឈ្មោះឡេយ៉ាំងសា ភេទប្រុសអាយុ៦៩ឆ្នាំជនជាតិវៀតណាម ឆេះផ្ទះ១ខ្នងទំហុំ៥ម៉ែត្រគុណ១២ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ផ្ទះ១ខ្នងនេះត្រូវបានភ្លើង ឆេះប្រម៉ាណ ៥០% ឆេះសំភារៈ និងលុយចំនួន២០០០$(ពីពាន់ដុល្លារ) សរុប១០០០០$(មួយម៉ឺនដុល្លារ) ។
ម្ចាស់ផ្ទះទីពីរ ឈ្មោះ ប៊ុន ណារិទ្ធ ហៅហុង ភេទប្រុស អាយុ ៥៤ ឆ្នាំជនជាតិខ្មែរ ឆេះផ្ទះអស់ចំនួនពីរខ្នងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ១១ ម៉ែត្រគុណនឹង ១៨ ម៉ែត្រផ្ទុកអីវ៉ាន់ចាប់ហួយនិងទី២ ធ្វើអំពីឈើ ដំបូលប្រាក់ស័ង្កសី ទំហុំ ១១ ម៉ែត្រគុណ ១២ ម៉ែត្រផ្ទុកអីវ៉ាន់ចាប់ហួយ ត្រូវបានភ្លើងឆាបឆេះទាំងស្រុង សរុបការខូចខាតអស់ចំនួន 25 ម៉ឺនដុល្លារ ។ សមត្ថកិច្ចពន្លត់អគ្គីភ័យមិនអាចទៅអន្តរាគមន៍បាញ់ពន្លត់បានទេដោយសារតែផ្ទះទាំងនោះ ជាផ្ទះលិចទឹក មិនអាចយករថយន្តពន្លត់អគ្គីភ័យទៅដល់។នៅពេលកើតហេតុ ប្រជាពលរដ្ឋ នៅជិតខាងបាននាំគ្នាយកម៉ាស៊ីនបូមទឹកប្រមាណជាង២០ គ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់ មិនឲ្យឆ្លងទៅផ្ទះ ផ្សេងទៀត។
ប្រភពដដែលបានបន្តថា ចំពោះមូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី នៅកន្លែងលក់សាំងនិងហ្គាស់ ដែលម្ចាស់ផ្ទះខាងលើជាអ្នកលក់ ហ្គាស សាំងនិងគ្រឿងទេស៕ដោយងិន វាសនា