
រសៀលថ្ងៃទី ៣០ ខែ មិនា ឆ្នាំ២០២២ អាជ្ញាធរខេត្តក្រចេះ ដឹកនាំដោយឯកឧត្ដម ប៉ែន លីណាត អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វ៉ា ថន អភិបាល នៃ គណះអភិបាលខេត្ត ក្រចេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរប្រគល់នឹងទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិសាស្ត្រខេត្តក្រចេះ ចំនួន ៤៣ អដ្ឋិធាតុបន្ថែមទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេស វៀតណាមវិញស្ថិតនៅកងវរសេនាតូចការពារព្រំដែន លេខ ៤ ស្ថិតនៅ 88 ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
តាមការបញ្ចាក់ពីលោកវរៈសេនីយ៍ទោ មាស សុភាព មេបញ្ជាការវរៈសេនាតូចលេខ៤ បានឲ្យដឹងថា ៖ អដ្ឋិធាតុទាំង នោះគឺបានដឹកជញ្ជូនមកពីខេត្តកំពង់ធំ ឆ្ពោះទៅវរៈសេនាតូចការពារព្រំដែនលេខ ៤ នៃខេត្តក្រចេះ ដើម្បីធ្វើពិធីផ្ទេរប្រគល់ឲ្យទៅប្រទេសវៀតណាមវិញ ដោយក្នុងអដ្ឋិធាតុទាំងចំនួន ៤៣ នោះ ក្រុមការងាររុករកបានរកឃើញនៅខេត្តកំពង់ធំចំនួន ៩អដ្ឋិធាតុ និងនៅខេត្តក្រចេះចំនួន ៣៤ អដ្ឋិធាតុ ។
មានប្រសាសន៍ពី ឯកឧត្ដម ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ បានលើកឡើងថា ៖ ការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិតក្នុងសម័យសង្គ្រាមនៅភូមិសាស្រ្តខេត្តក្រចេះ គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ។ ហើយចំពោះការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាមលើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងការរំដោះប្រទេសជាតិចេញពីបនប្រល័យពូជសាស្ត ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃឱ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តត្រូវបន្តខិតខំសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តក្រចេះ ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ ហើយប្រទេសទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការដៃគូរ ក្នុងការកសាងនិងអភិវឌ្ឍន៍រវាងព្រំដែនប្រទេសទាំងពីរ ដើម្បីសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រុំដែនមានការអភិវឌ្ឍន៍ និងសុខសន្តិភាព ៕ដោយតាប៉ៃ លិន