ក្រុមការងារ និងគណបក្ស​ខេត្ត​ក្រចេះប្រជុំបូកសរុបលទ្ធិផលការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

(ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានអញ្ជើញ​ជា​អធិបតី​​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នៅខេត្តក្រចេះ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ​នៅព្រឹក​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នាសាល​មហោស្របខេត្តក្រចេះ​ ដោយ​មានការ​ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកសី្រ ជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត អភិបាលខេត្ត លោក លោកស្រី ជាប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត​ចុះមូលដ្ឋាន​ស្រុក ក្រុង និងឃុំសង្កាត់ លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សស្រុក ក្រុង និងឃុំ សង្កាត់ រួមជាមួយលោក លោកស្រី ជាបេក្ខជន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សរុបអ្នកចូលរួមទាំងអស់​មាន​ចំនួនប្រមាណ ៥០០នាក់។

ជាបឋមឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្ស​ខេត្ត និងជាអភិបាលខេត្តក្រចេះ បានថ្លែងមតិស្វាគមន៍ និង​ធ្វើរបាយការណ៍សង្ខេប​ពីស្ថានភាពទូទៅនៃ​ដំណើរ​ការ​បោះឆ្នោត និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោតជ្រើសរើសក្រុម​ប្រឹក្សា​​​​​ឃុំសង្កាត់អាណត្តិទី៥ នៅតាម​ឃុំសង្កាត់​៤៨ ទូទាំងខេត្តក្រចេះ ដោយបានគូស​បញ្ជាក់ជាអាទិ៍ថា៖ គណបក្ស​ប្រជាជន​កម្ពុជា​នៅខេត្តក្រចេះដណ្តើមបានជ័យជំនះ​យ៉ាងធំធេង ដោយបាន​ទទួលអាសនៈ​ក្រុមប្រឹក្សាឃុំសង្កាត់​សរុបចំនួន ២៤៤ ដែលកាលពីការបោះឆ្នោតឆ្នាំ២០១៧ ទទួលបានត្រឹមតែ ១៧៨ ប៉ុណ្ណោះ ពោលគឺការបោះឆ្នោត​លើកនេះ​​កើន​ឡើងបាន​ចំនួន​ ៦៦អាសនៈ។

គណបក្សប្រជាជនកម្ពុជាកាន់តំណែងជាមេឃុំ និងចៅសង្កាត់ទាំងអស់ក្នុងឃុំ សង្កាត់ទាំង៤៨ ប្រៀបនឹងឆ្នាំ​២០១៧ គណបក្សប្រជាជនកម្ពុជា ធ្លាប់បាត់តំណែងមេឃុំ ចៅសង្កាត់ចំនួន៩។ លើកនេះ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​​ដាច់៧ឃុំ  គឺ៣ឃុំក្នុងស្រុកសំបូរ មានឃុំបឹងចារ ឃុំរលួសមានជ័យ ឃុំអូរគ្រៀងសែនជ័យ  និង៣ឃុំក្នុង​ស្រុក​ឆ្លូង មានឃុំព្រែកសាម៉ាន់ ឃុំកំពង់ដំរី និងឃុំខ្សាច់អណ្ដែត ព្រមទាំងឃុំកោះជ្រែង១ទៀត នៅស្រុកចិត្របុរី។

ជោគជ័យដែលយើងទទួលបាន គឺជាតម្លៃរួមនៃការខិតខំប្រឹងប្រែងក្នុងធ្លុងសាមគ្គីកំលាំងសរុបរបស់ក្រុម ការងារ និងគណបក្សគ្រប់លំដាប់ថ្នាក់រហូតដល់សាខាបក្ស ក្រុមបក្ស និងសមាជិក ដែលជានិច្ចកាលក្ដាប់ជាប់​គោល​នយោបាយ និងគោលការណ៍ដឹកនាំរបស់បក្ស ពុះពារប្រែក្លាយទៅជាសកម្មភាពការងារជាក់ស្ដែង ដើម្បីច្បាម​ជាប់​មូលដ្ឋាន​ឃុំ សង្កាត់ និងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន តាមរយៈការធ្វើអំពើល្អសព្វបែបយ៉ាង ជួយប្រជាជន​គ្រប់​ពេល​វេលា គ្រប់កាលៈទេសៈ ជាពិសេសការចូលរួមចំណែកក្នុងចលនាជាតិដឹកនាំផ្ទាល់​ដោយ​សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រយុទ្ធឈ្នះកូវីដ-១៩ ​សង្គ្រោះប្រជាជន​ឱ្យឆ្លងរួច​ផុតគ្រោះកំណាចនៃជំងឺដ៏​​កាច​​សាហាវ​នេះ​ ក៏ដូចបាន​នាំសង្គមជាតិមកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។

បន្ទាប់ពីតំណាងអង្គប្រជុំបានចូលរួមពិភាក្សាយ៉ាងផុលផុស បំពេញបន្ថែម​លើការវាយតម្លៃ​លទ្ធផលនៃការងារ​បោះ​ឆ្នោត​រួចមក ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែង​មតិ​បូក​​សរុប ដកពិសោធន៍ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្ត​ក្រចេះ ដោយបានសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ ៣ចំណុចដូចខាងក្រេាម

ជ័យជំនះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ដែលទទួលបានការគាំទ្រ​ភ្លូក​​ទឹកភ្លូកដីពីប្រជាជន សបញ្ជាក់ច្បាស់ពីឆន្ទៈរួម ដែលជាបំណង​ប្រាថ្នា​តែមួយគត់របស់ប្រជាជនកម្ពុជា គឺសុខ​សន្តិភាព វឌ្ឍនភាព វិបុលភាពសម្រាប់អនាគតរុងរឿងរបស់កម្ពុជា។

ដើម្បីឆ្លើយតបចំពោះជំនឿទុកចិត្តរបស់ប្រជាជនមកលើការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា​ ក្រុមការងារ​និង​គណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវពុះ​ពារ​សំរេច​ភារកិច្ច​នយោបាយក្នុងបន្ទុកទទួលខុសត្រូវរៀងៗខ្លួន បន្តចូល​រួម​ចំណែក​កាន់តែខ្លាំងក្លាថែមទៀត ដើម្បីរក្សា​ឧត្ដម​ភាព​ប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្ដើម​ជ័យជំនះ​សម្រាប់​ការបោះឆ្នោតជាតិជ្រើស​តាំង​តំណាង​​រាស្ត្រ អាណត្តិទី៧ នាឆ្នាំ២០២៣ ខាងមុខទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *