គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន១៧ ជូនប្រជាពលរដ្ឋចំនួន២៧៥គ្រួសារ ក្នុងស្រុករវៀង

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាត ប្រភេទអាហ្រ្វីដេស ចំនួន ១៧អណ្តូង ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ២៧៥គ្រួសារ (ស្មើនឹងមនុស្ស១០៥៨នាក់) រស់នៅភូមិចំនួន១៤ ក្នុងឃុំចំនួន០៤ រួមមាន៖ ឃុំរុងរឿងចំនួន០៥អណ្តូង, ឃុំរំដោះចំនួន០៤អណ្តូង, ឃុំរមទមចំនួន០៣អណ្តូង, ឃុំរមណីយចំនួន០៥អណ្តូង ក្នុងស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងឱកាសនោះលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដោយផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក និងការគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខ លំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោកជំទាវ បានណែនាំដល់ប្រជាពលរដ្ឋត្រូវគិតគូរថែទាំសុខភាពឱ្យបានល្អ ត្រូវពិសាទឹកដាំពុះ ត្រូវលាងដៃ និងមុជទឹកឱ្យបានស្អាតជាប្រចាំ មុនពេលបរិភោគអាហារ ដើម្បីបង្ការជំងឺផ្សេងៗ លើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ទៅតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងសូមឱ្យអ្នកទទួលផលអណ្តូងទឹកទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ ជួសជុលសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង។

លោកជំទាវ ក៏បានជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ និងប្រសិនបើចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បាននាំយកនូវអំណោយរបស់គណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣៦គ្រួសារ មកពី០៤ភូមិ ក្នុងឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ និងទឹកស៊ីអីវ១យួរ៕

Leave a Reply

Your email address will not be published. Required fields are marked *