ពិធីផ្សព្វផ្សាយស្ដីពីវិធានការពង្រឹងអនុវត្ថន៍ លក្ខន្ដិកៈ បទវិន័យទូទៅ និងលំហាត់របៀប នៃកងយោធពល

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ នៅតំបន់ប្រតិបតិ្ដការសឹករង ព្រះវិហារ បានរៀបចំពិធីផ្សព្វផ្សាយស្ដីពីវិធានការពង្រឹងអនុវត្ថន៍ លក្ខន្ដិកៈ បទវិន័យទូទៅ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ​តំបន់ប្រតិបតិ្ដការសឹករង ព្រះវិហារ និងមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយ នាយរង និងមេបញ្ជាការតាមបណ្តាលកងអង្គភាព ចំណុះឲ្យតំបន់ប្រតិបត្ដិសឹករងព្រះវិហារ។

លោកឧត្តមសេនីយទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ​តំបន់ប្រតិបតិ្ដការសឹករង ព្រះវិហារ បានឲ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីវិធានការពង្រឹងអនុវត្ថន៍ លក្ខន្ដិកៈ បទវិន័យទូទៅ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ ធ្វើឡើងតាមសេចក្តីណែនាំលេខ ០០៣/២០២០ សណន. របស់ក្រសួងការពារជាតិ ក្នុងគោលបំណងផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ពង្រឹងតួនាទីភារកិច្ច និងសតិអារម្មណ៍របស់កងទ័ព ឲ្យកាន់តែមុតស្រួចក្នុងការបម្រើជាតិ បម្រើប្រជាពលរដ្ឋ និងការពារជាតិ សាសនា ព្រះមហាក្សត្រ។

លោកលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាយោធិនត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ក្នុងការលើកស្ទួយជីវភាពរស់នៅ និងសុខមាលភាពរបស់កងទ័ព និងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ ដែលបង្កឡើងដោយកត្តាមនុស្ស ឬធម្មជាតិ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឲ្យបានរហ័សបំផុត។

លោក ឧត្តមសេនីយទោ ក៏បានថ្លែងការកោតសសើរចំពោះយោធិនគ្រប់រូប ចំណុះឲ្យតំបន់ប្រតិបត្ដិសឹករងព្រះវិហារ ដែលកន្លងមកបានអនុវត្តន៍យ៉ាងភ្ជាប់ផ្ជួននូវតួនាទី និងភារកិច្ច ពិសេសច្បាប់ស្តីពីលក្ខន្ដិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទបានយ៉ាងល្អប្រសើរ ដោយគ្មានយោធិនណាម្នាក់ប្រព្រឹត្តខុសច្បាប់ទ័ព និងវិន័យរបស់កងទ័ពឡើយ។

លោកឧត្តមសេនីយទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ​តំបន់ប្រតិបតិ្ដការសឹករង ព្រះវិហារ ក៏បានជម្រុញបន្ថែមដល់យោធិនគ្រប់រូប និងក្រុមគ្រួសារត្រូវបន្តការប្រុងប្រយ័ត្ន ការពារ ទប់ស្កាត់ នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Leave a Reply

Your email address will not be published. Required fields are marked *