ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តព្រះវិហារ បានរៀបចំពិធីផ្សព្វផ្សាយស្តីពីការប្រកាស និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមណ្ឌលសុខភាព ប្រធានប៉ុស្ដិ៍សុខាភិបាលទូទាំងខេត្ត នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋ អង្គការដៃគូ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធសរុបចំនួន ២១០នាក់។
ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មានប្រសាសន៍អបអរសាទរ និងគាំទ្រពេញទំហឹងចំពោះការផ្ទេរធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្ត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តផ្ទាល់ ដែលជាការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្ទេរសិទ្ធ និងការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល មករដ្ឋបាលខេត្ត ដែលជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការបង្ខិតសេវាសុខាភិបាលឲ្យកាន់តែជិតប្រជាពលរដ្ឋ ក្នុងការចូលរួមគាំពារសុខុមាលភាពប្រជាជនឲ្យដល់មូលដ្ឋាន។
ឯកឧត្ដម អភិបាលខេត្ត បានបន្តថាពិធីប្រកាសផ្សព្វផ្សាយនេះ មានគោលបំណងផ្សព្វផ្សាយ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ពីការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មី ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តត្រូវតែទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនចំពោះការផ្តល់សេវាសុខាភិបាល ហើយប្រធានមន្ទីរសុខាភិបាលត្រូវមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅអោយរដ្ឋបាលខេត្ត។
ឯកឧត្តម ក៏បានស្នើសុំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងបុគ្គលិកសុខាភិបាលទាំងអស់ និងមន្រ្តីរដ្ឋបាលត្រូវសហការគ្នាឲ្យបានល្អ ក្នុងការបំពេញភារកិច្ចការងារពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានាជូនដល់ប្រជាពលរដ្ឋ លើការព្យាបាលជំងឺផ្សេងៗ និងត្រូវមានក្រមសីលធម៌ក្នុងការបំពេញការងារ ត្រូវបន្តចូលរួមការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ (Covid-19) និងរាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឲ្យបាននូវសុខុមាលភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ ( Covid-19) នៅតាមសហគមន៍។
សូមបញ្ជាក់ថា៖ ក្នុងពិធីប្រកាសអន្តរក្រសួងលេខ១៥២ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីខេត្ត និងប្រកាសអន្តរក្រសួងលេខ ១៨២ ស្ដីពីលក្ខខណ្ឌហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុ មានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលរាជធានី ខេត្ត សម្រាប់ អនុវត្តមុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាល ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត៕