ដោយ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះទៅប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០រៀល ជូនគ្រួសារសពអតីតយុទ្ធជន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលលោកតែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់អតីតយុទ្ធជន។ ហើយការអភិវឌ្ឍន៍ និងសុខសន្តិភាពដែលទទួលបានដូចសព្វថ្ងៃ គឺជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាន ពីការលះបង់របស់បងប្អូនវីរអតីតយុទ្ធជនយើងបានឡើយ។
សពអតីតយុទ្ធជនខាងលើ ឈ្មោះ យ៉ន សុខ ភេទប្រុស អាយុ៧៣ឆ្នាំ ជាអតីតយុទ្ធជន បានទទួលមរណៈភាព កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ៕