សម្ភារៈបរិក្ខាពេទ្យអំណោយសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៤


 ក្រចេះ នៅរសៀលថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ចុងសប្តាហ៍នេះ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញប្រគល់សម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ រួមមាន មន្ទីរពេទ្យបង្អែកស្រុកស្នួល-ព្រែកប្រសព្វ-ស្រុកឆ្លូង និងស្រុកសំបូរ ដើម្បីយកទៅប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យបង្អែក។

       ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ចំពោះបុគ្គលិកពេទ្យ និងមន្ត្រីសុខាភិបាលតាមបណ្តាក្រុងស្រុកនិងក្នុងខេត្តក្រចេះ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ និងគិតពីសុវត្តិភាពអ្នកជំងឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី តែងតែផ្តោតសំខាន់លើការប្រើប្រាស់សម្ភារៈ និងគ្រឿងបរិក្ខាដែលបំរើដល់វិស័យសុខាភិបាល ធ្វើយ៉ាងណាឱ្យមានគុណភាព និងមានសុវត្តិភាពខ្ពស់ ហើយលោកទាំងពីរតែងតែបានផ្តល់នូវសម្ភារបរិក្ខាពេទ្យ ជូនដល់រដ្ឋបាលខេត្ត សម្រាប់បំរើដល់ការព្យាបាល និងថែរក្សាសុខភាពប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្តក្រចេះ ។

       ឯកឧត្តម គង់ គឹមនី មានប្រសាសន៍សម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលក្នុងខេត្ត ព្រមទាំងណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា​ ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕តាប៉ៃលិន

Leave a Reply

Your email address will not be published. Required fields are marked *