រដ្ឋបាលស្រុករវៀង ជួបសំណេះសំណាល និងទទួលសម្ភារៈពីក្រុមហ៊ុន TPB-TV Development Co,.Ltd.

ដោយ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលស្រុករវៀង ដឹកនាំដោយលោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុក និងលោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជួបសំណេះសំណាល និងទទួលសម្ភារៈពីឯកឧត្តម ឌៀង សារ៉ាន់ តំណាងលោកជំទាវ គឹម សុភិន អគ្គនាយកក្រុមហ៊ុន TPB-TV Development Co.,Ltd. នៅសាលាស្រុករវៀង។

ក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ ជំនួសមុខឲ្យរដ្ឋបាលស្រុករវៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកជំទាវ គឹម សុភិន អគ្គនាយកក្រុមហ៊ុន TPB-TV Development Co.,Ltd. តាមរយៈឯកឧត្តម ឌៀង សារ៉ាន់ ដែលបានឧបត្ថម្ភនូវសម្ភារៈជាតម្រូវការចាំបាច់សម្រាប់បំពេញការងារតាមបណ្តាលកងកម្លាំងទាំងបី ចំណុះឲ្យរដ្ឋបាលស្រុករវៀង។

លោក ហោ ប៊ុនហួរ ក៏បានណែនាំដល់កងកម្លាំងទាំងបីក្នុងស្រុក ដែលទទួលបានការឧបត្ថម្ភសម្ភារៈពីក្រុមហ៊ុន TPB-TV Development Co.,Ltd. ត្រូវតែយកទៅបំពេញការងារក្នុងអង្គភាព និងថែរក្សាឲ្យបានល្អ។

សម្ភារៈដែលទទួលបានរួមមាន៖
១. កុំព្យូទ័រលើតុ ចំនួន០៤គ្រឿង
២. ម៉ាស៊ីនព្រីនធើ ចំនួន០៤គ្រឿង
៣. វិទ្យុទាក់ទង ចំនួន០៦គ្រឿង។

នៅព្រឹកថ្ងៃដដែរនោះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានដឹកនាំក្រុមការងារទៅទទួលអ្នកសង្ស័យមានផ្ទុកជម្ងឺកូវីដ-១៩ ចំនួន០២នាក់ ត្រឡប់ទៅផ្ទះពួកគាត់វិញ នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ដែលបានដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែករយៈពេល ១៥ថ្ងៃកន្លងមក នៅវិទ្យាល័យរវៀង ពេលដែលគាត់ត្រឡប់មកពីធ្វើការនៅប្រទេសថៃ។ ក្រោយពីបានដាក់ពួកគាត់ទាំង០២នាក់ ឲ្យនៅដាច់ដោយឡែករយៈពេល ១៥ថ្ងៃកន្លងមក ពួកគាត់មានសុខភាពល្អ និងគ្រូពេទ្យបានបញ្ជាក់ថា ពួកគាត់ទាំង០២នាក់ គ្មាននរណាម្នាក់មានផ្ទុកជម្ងឺកូវីដ-១៩ឡើយ។

លោក ហោ ប៊ុនហួរ ក៏បានឧបត្ថម្ភនូវ៖ អង្ករ១បេ, មីកន្លះកេស, ប្រេងឆា១ដប, ទឹកស៊ីអុីវ១ដប និងថវិកាមួយចំនួនទៀតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *