ប្រជាពលរដ្ឋខ្មែរត្រូវតែដឹងនិងស្គាល់ប្រាសាទព្រះវិហារ ឱ្យបានគ្រប់ៗគ្នាដែលប្រសាទព្រះវិហ៊ារស្ថិតនៅក្នុងខេត្តព្រះវិហារជាប់ព្រំដែនជាមួយប្រទេសថៃ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឲ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃនោះគឺមានរយៈពេល៥៨ឆ្នាំហើយចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា កាលពីឆ្នាំ១៩៦២មកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ។
សូមបញ្ជាក់ថា ជម្លោះទាក់ទង នឹងប្រាសាទព្រះវិហារនេះបានចាប់ផ្ទុះឡើងខ្លាំងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង ដោយពេលនោះថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធជាច្រើន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។
ពេលនោះ សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត រហូតដល់តុលាការអន្តរជាតិបានសម្រេចក្តីឲ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ និងគ្រប់គ្រងប្រាសាទនេះនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
យ៉ាងនេះក៏ដោយ រឿងប្រាសាទព្រះវិហារនេះ មិនបានបញ្ចប់ត្រឹមនេះទេ ដោយក្រោយៗមក គឺមានព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ដូចជា៖-ឆ្នាំ ១៩៩២ ប្រាសាទព្រះវិហារ ត្រូវបានបើកសម្រាប់អ្នកទេសចរ ប៉ុន្តែត្រូវបានបិទវិញ ដោយត្រូវខ្មែរក្រហមដណ្តើមកាន់កាប់ ពីរដ្ឋាភិបាល។
-ឆ្នាំ១៩៩៨ ប្រាសាទព្រះវិហារ ត្រូវបានបើកម្តងទៀត បន្ទាប់ពីរដ្ឋាភិបាល បានគ្រប់គ្រងប្រាសាទនេះវិញ។
ថ្ងៃទី ៧កក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូ។
-១សប្តាហ៍ក្រោយមក គឺនៅថ្ងៃទី១៥កក្កដា ឆ្នាំ២០០៨ កងទ័ពថៃ បានចូលមកឈ្លានពានប្រាសាទព្រះវិហារសារជាថ្មី ដែលបណ្តាលឱ្យមានការផ្ទុះអាវុធរវាងកងទ័ពទាំង២ ជាបន្តបន្ទាប់។
-ចុងឆ្នាំ ២០១២ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ។
-ថ្ងៃទី១១ វិច្ឆិកា ២០១៣ តុលាការនោះ បានបើកសវនាការជាសាធារណៈ ដោយប្រកាសសេចក្តីសម្រេចឲ្យកម្ពុជាឈ្នះក្តី និងបានបង្គាប់ឱ្យភាគីថៃដកទ័ពចេញពីព្រំដែនជម្លោះ នៅត្រង់តំបន់ជុំវិញប្រាសាទព្រះវិហារ៕