សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន សាលាក្រុងព្រះវិហារ

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ បានជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសធម៍ សាលាក្រុងព្រះវិហារ ដឹកនាំដោយលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ដើម្បីអបអរសាទរខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំសន្តិភាព និងកាកបាទក្រហមកម្ពុជា» ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងការបំពេញ បេសកកម្មមនុស្សធម៌របស់សាខា។

ក្នុងឱកាសនោះ លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានឲ្យដឹងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាពេលនេះ គឺជាការរួមចំណែកតិចតួចមួយ ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលថ្នាក់ដឹកនាំមន្ត្រីរាជការសាលាក្រុងព្រះវិហារ និងសប្បុរសជន បានបរិច្ចាកដោយសទ្ធាជ្រះថ្លា ហើយនេះក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រលំបាក។

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាក្រុងព្រះវិហារ ដែលបានយកចិត្តទុកដាក់គៀងគរ ប្រមូលថវិកាពីសប្បុរសជន ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺបញ្ជាក់ពីទឹកចិត្តដ៏សប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជន ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ឯកឧត្តមបន្តថា សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នឹងប្រើប្រាស់នូវថវិកានេះ ឲ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។បញ្ជាក់៖ ថវិកាដែលបានទទួលពីសាលាក្រុងព្រះវិហារ មានចំនួន ៤,២១០,០០០រៀលគត់៕

Leave a Reply

Your email address will not be published. Required fields are marked *