រថយន្តក្រុងរបស់ក្រុមហ៊ុនអ៊ូខុង បើកធ្លាក់ចូលទឹកអូរ បណ្តាលឱ្យក្មេង២នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២២នាក់ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ដោយ៖ មាន រតនា
ឧត្តរមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បង្កឡើងដោយរថយន្តក្រុងរបស់ក្រុមហ៊ុនអ៊ូខុង ដឹកអ្នកដំណើរនៅពេលយប់ ចេញពីភ្នំពេញឆ្ពោះទៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានរេចង្កូតធ្លាក់ផ្លូវចូលទឹកអូរ បណ្តាលឲ្យក្មេងប្រុសចំនួន០២នាក់ បានស្លាប់នៅកន្លែងកើតហេតុ និងមនុស្សប្រុសស្រីចំនួន២២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦ព្រឹក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា រថយន្តក្រុងដែលបើកធ្លាក់ផ្លូវចូលទឹកអូរនេះ ជារបស់ក្រុមហ៊ុន អ៊ូខុង ដឹកអ្នកដំណើរពេលយប់។ មុនពេលកើតហេតុរថយន្តខាងលើនេះ បានដឹកអ្នកដំណើរពីភ្នំពេញឆ្ពោះមកកាន់ស្រុកអន្លង់វែង សរុប២៤នាក់ទាំងតៃកុងរថយន្ត។ លុះមកដល់កន្លែងកើតហេតុ ត្រង់ចំនុចស្ពាន រថយន្តបានរេចង្កូតមកឆ្វេងដៃ បណ្តាលឱ្យធ្លាក់ផ្លូវចូលទឹកអូរតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង បានចុះទៅកាន់កន្លែងកើតហេតុ និងបានជួយសង្រ្គោះអ្នកដំណើរ ដែលរងរបួសធ្ងន់ ស្រាល ដឹកជញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យក្មេងប្រុស០២នាក់ស្លាប់ និង២២នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាយ ដោយឡែកតៃកុងរថយន្តគៀបជាប់នឹងរថយន្តបាក់ភ្លៅខាងស្តាំ និងបែកក្បាលផងដែរ។

ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ សមត្ថកិច្ចសន្និដ្ឋានជាជំហ៊ានដំបូងថា អាចបណ្តាលមកពីតៃកុងរថយន្តងងុយដេក។ តែទោះជាយ៉ាងណាសមត្ថកិច្ចបាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ គួរតែមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ បើសិនជាមិនមានការចំបាច់ទេនោះ គួរជ្រើសរើសពេលវេលាណាសមរម្យសម្រាប់ធ្វើដំណើរ ជៀសវាងការធ្វើដំណើរនៅពេលយប់៕

Leave a Reply

Your email address will not be published. Required fields are marked *