(ខេត្តស្វាយរៀង)៖ កម្មករកម្មការិនី៧២នាក់ បម្រើការងារនៅក្នុងរោងចក្រធីវ៉ាយអេឡិចទ្រីក ឯ.ក (ផលិតអំពូលភ្លើង)បានដួលសន្លប់បីថ្ងៃជាប់ៗគ្នានិងមាន ក្រុមការងារបង្ការគ្រោះថ្នាក់ការងារ (ទ.ស.ប.ក)ចុះស្រាវជ្រាវបានធ្វើការសន្និដ្ឋានចំនួន៣ចំណុច ដែលបណ្តាលឲ្យកម្មករសន្លប់នោះ។
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានប្រាប់អ្នកសាព័ត័មាននៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះថា រោងចក្រផលិតអំពូលភ្លើងដែលធ្វើអោយកម្មករដួលសន្លប់ខាងលើនេះស្ថិតនៅភូមិ ដើមពោធិ៍ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានបញ្ជាក់បន្ថែមទៀតថា ការសន្និដ្ឋានចំនួន៣ចំណុច នេះរួមមាន៖
-ទី១.មានសភាពហប់ក្នុងអគារផលិតកម្ម
-ទី២បញ្ហាសុខភាពផ្ទាល់ខ្លួនរបស់កម្មករនិយោជិត
-ទី៣.អារម្មណ៍ភិតភ័យតក់ស្លុតតៗ គ្នារបស់កម្មករនិយោជិត។
ឯកឧត្តមបានបន្តថា ចំណែកវិធានការចំពោះសហគ្រាស គ្រឹះស្ថាននោះក្រុមការងារឲ្យលោកនាយករោងចក្រ ត្រូវធ្វើកែលម្អត្រូវបើកបង្អួចទាំងអស់ ក្នុងពេលបំពេញការងារក្នុងអគារផលិតកម្ម ឲ្យស្របតាមប្រកាសលេខ១២៥ ស.ក.ប.យ និងអប់រំអំពីការទទួលទានចំណីអាហារឲ្យបានត្រឹមត្រូវ ព្រមទាំងសម្រាកឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានានូវសុខភាពល្អរបស់កម្មករនិយោជិត។
ឯកឧត្តមបានបន្ថែមថា «និយោជកត្រូវផ្តល់កិច្ចការសហការជាមួយ ប.ស.ស ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌ អនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ព្រមទាំងត្រូវអនុញ្ញាតឲ្យកម្មការិនី ដែលបានទទួលរងគ្រោះចំនួន៧២នាក់ ឲ្យចូលធ្វើការងារវិញនៅថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យរោងចក្រ រដ្ឋបាលប្រចាំរោងចក្រ ប្រតិភូបុគ្គលិក មន្ត្រី ប.ស.ស សាខាខេត្តស្វាយរៀង និងតំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ព្រមទាំងផ្អាកការងារបន្ថែមម៉ោងមួយរយៈ។
ចំណែកកម្មករនិយោជិត ដែលគ្មានករណីសន្លប់ឲ្យចូលធ្វើការងារវិញនៅថ្ងៃអង្គារទី៩ ខែមិថុនា ឆ្នាំ២០២០ ហើយករណីនាយករោងចក្រខកខានមិនបានអនុវត្តនូវវិធានការខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានផងដែរ។
គួររំលឹកផងដែរថា កម្មករនិយោជិតនៅរោងចក្រផលិតអំពូលភ្លើងនេះ មានកម្មករសរុបចំនួន១៩១១នាក់ (ស្រី១២៤២នាក់) បរទេស២៦ (ស្រី១នាក់) ចំនួនអ្នករងគ្រោះកម្មការិនីសរុបចំនួន៧២នាក់ ដោយលើកទី១ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ មានកម្មករសន្លប់៤៣នាក់ (ស្រី៤៣នាក់) លើកទី២ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មានកម្មករសន្លប់ចំនួន៧នាក់ (ស្រី៧នាក់) លើកទី៣ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ មានកម្មករសន្លប់២២នាក់ស្រីទាំង២២នាក់៕