ប្រជាពលរដ្ឋ៤២៥គ្រួសារ រងគ្រោះដោយ​ខ្យល់កន្ត្រាក់​ និង​រងគ្រោះដោយភ្លេីងឆេះផ្ទះ ៣គ្រួសារ​ រស់នៅខេត្តកំពង់ស្ពឺ ទទួល​បានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​

ខេត្តកំពង់ស្ពឺ៖នៅថ្ងៃអង្គារ​ ទី​ ៩​ ខែមិថុនា​ ឆ្នាំ​២០២០​ នេះ​ មន្ត្រី​ នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​បានពាំនាំ ចុះសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​និងបាននាំយកអំណោយមនុស្សធម៌ជួយសម្រាលការលំបាក​ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន​ ៤២៨គ្រួសារ​ (ក្នុងនោះ​ ៣គ្រួសារ​ រងគ្រោះដោយភ្លេីងឆេះផ្ទះ​ និង​ ៤២៥គ្រួសារ​ រងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី​ ៥​ ខែមិថុនា​ ឆ្នាំ​២០២០កន្លងទៅ)​ រស់នៅក្នុងភូមិចំនួន​២៨​ ឃុំចំនួន៧​ នៃស្រុកសំរោងទង​ ស្រុកឧដុង្គ​ និងស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

គោលដៅទី១​ ដឹកនាំដោយ​ លោកជំទាវ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា​ អញ្ជេីញ​ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះចំនួន​ ៣៣៩គ្រួសារ​ (ក្នុងនោះរងគ្រោះដោយភ្លេីងឆេះផ្ទះ​ ៣គ្រួសារ)​ រស់នៅស្រុកសំរោងទង​។ ចំណែកឯ​ គោលដៅទី២-ទី៣​ ដឹកនាំដោយ​ ឯកឧត្តម​វេជ្ជ.​ អ៊ុយ​ សំអាត​ នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា​ អញ្ជេីញ​ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះចំនួន​ ៨៩គ្រួសារ​ រស់នៅស្រុកសំរោងទង​ ស្រុកឧដុង្គ​ និងស្រុកភ្នំស្រួច។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់​ គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងព្រះរាជបណ្តាំរបស់​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក​ និងក្តីអាណិតអាសូរ​ ជាពិសេស​ ក្តីព្រួយបារម្ភ​ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់​ ដែលប្រឈម​ទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ​ ដែលកេីតឡេីង​ដោយមិនអាចស្មាន​បាន។

ហេតុដូចនេះហេីយ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់​ ដោយនាំយកនូវគ្រឿងបរិភោគ​ សម្ភារ​ប្រេីប្រាស់ និងថវិកាមួយចំនួន ដេីម្បីជួយសម្រាលការលំបាកទៅតាមស្ថានភាព​រង​គ្រោះ​ជាក់ស្តែង​របស់គ្រួសាររងគ្រោះ​ធ្ងន់-ស្រាលនីមួយៗ​ ព្រមទាំងបានពាំនាំនូវសារអំពាវនាវ​ ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា​ តាមរយៈ​ ការតាមដានសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ​ របស់ក្រសួងធនធានទឹក​ និងឧតុនិយម​ និងវិធានការ​ត្រៀមបង្ការផ្សេងៗទៀត។

ជាមួយគ្នានេះ​ គណៈប្រតិភូ​ បានពាំនាំសេចក្តីអំពាវនាវរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច​ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩​នៅកម្ពុជា​ តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់​របស់ក្រសួងសុខាភិបាល​ ជាពិសេសការរក្សាអនាម័យ​ដៃស្អាត​​ ពាក់ម៉ាស​ (ក្នុងករណីចាំបាច់)​ ប្រេីកន្សែងឬក្រមា​ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក​ ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល។ ទន្ទឹមនឹងនេះ​ សូមប្រជាពលរដ្ឋទាំងអស់​ យកចិត្តទុកដាក់​ គិតគូរពីសុវត្ថិភាព​ចរាចរណ៍​ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីទប់ស្កាត់សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលកេីតមានឡេីងជារៀងរាល់ថ្ងៃ​ និងត្រូវរួមគ្នាថែរក្សាសន្តិភាព​ រស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា​ និងខិតខំប្រកបរបរបង្កបង្កេីនផល​ដេីម្បីលេីកកម្ពស់ជីវភាពគ្រួសារ។

សូមបញ្ជាក់ផងដែរថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ និងឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ដូចៗគ្នា។ ដោយឡែក​ គ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុង​ ទទួលបានបន្ថែម​ តង់ចំនួន១​ និងថវិកា​ ២០ម៉ឺនរៀល។ ចំពោះគ្រួសាររងគ្រោះច្រេីនជាង៥០%​ ទទួលបានបន្ថែម​ តង់ចំនួន១​ និងថវិកា​ ១០ម៉ឺនរៀល ហើយគ្រួសាររងគ្រោះដោយអន្លេី​ ទទួលបានបន្ថែម​ថវិកា​ ៥ម៉ឺនរៀល។ ចំពោះគ្រួសាររងគ្រោះដោយភ្លេីងឆេះផ្ទះ​ ទទួលបានក្នុង​ ១គ្រួសារៗ​ អង្ករ​ ៥០គីឡូក្រាម​ តង់១​ កន្ទេល១​ ឃីត១​ ទឹកត្រីទឹកស៊ីអ៉ីវ ១យួរទឹកដោះគោ ១កំប៉ុង ប្រេងឆា១ដប​ នំធុង​ ១ធុង​ និងថវិកា​ ៤០ម៉ឺនរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *