ខេត្តក្រចេះ បើកវគ្គបណ្ដុះបណ្តាលស្តីពី ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
មន្ទីរសង្គមកិច្ចខេត្តក្រចេះ បើកវគ្គបណ្ដុះបណ្តាលស្តីពី ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅក្រចេះ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។
តាមរបាយការណ៍របស់លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទាខេត្ត អំពីលទ្ធផលសម្រេច ៖ បានពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយអនុវត្តតាមអនុក្រឹត្យលេខ២៤៥ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលជាស្រ្តីមានផ្ទៃពោះ និងកុមារទៅចុះឈ្មោះនៅឃុំ សង្កាត់បានប្រាក់ឧបត្ថម្ភចំនួន ១១ ៩៧៥ នាក់ ក្នុងនោះមានស្រ្តីមានផ្ទៃពោះចំនួន ៨ ៥៨៥នាក់ និងកុមារចំនួន ៣.៣៩០នាក់ ចំណាយទឹកប្រាក់អស់ចំនួន ៤ ៩៧៦ ៣៦០ ០០០ ៛ (ប្រាំបួនរយចិតសិបប្រាំមួយលាន បីរយហុកសិបពាន់រៀល) ស្មើនឹង ១ ២៤៤ ០៩០$ (មួយលាន ពីររយសែសិបបួនពាន់ កោសិបដុល្លារអាមេរិក) ។
លោកស្រី ខាំ សុភាព អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា ៖ ផ្អែកលើចក្ខុវិស័យខាងលើ និងឈរលើមូលដ្ឋាននៃសិ្ថរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥” ក្នុងគោលបំណងធានានូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផែ្នកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជនសំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
លោកស្រីអភិបាលរងខេត្តបន្តថា ៖ វគ្គបណ្តុះបណ្តាលថ្ងៃនេះ ដើម្បីអោយលោក-លោកស្រីដែលជាអ្នកអនុវត្តផ្ទាល់នៅតាមឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលកាន់តែយល់ច្បាស់ ពីនីតិវិធីក្នុងការអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀតពី ការដំឡើងកម្រិតប្រាក់ឧបត្ថម្ភទ្វេរដង សម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ការសម្រាលកូន១ និងគិតគូរបន្ថែមករណីកូនភ្លោះ ការពិនិត្យសុខភាពក្រោយសម្រាល និងទទួលថ្នាំបង្ការរហូតដល់កូនអាយុ២ឆ្នាំ ហើយនិងរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗសម្រាប់អ្នកទទួលផលឲ្យទាន់ពេលវេលា។
លោកស្រីអភិបាលរងខេត្តបន្ថែមទៀតថា ៖ បច្ចុប្បន្នរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន លេខ០៣ ប្រកព ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការបង្កើនកម្រិតប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិកជាស្រ្តី មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារមានប័ណ្ណសមធម៌ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុបាន២ឆ្នាំ ការដំឡើងប្រាក់ទាំងនោះរួមមាន៖ ១-ការពិនិត្យផ្ទៃពោះមុខសម្រាលទទួលបានទឹកប្រាក់ ៨០.០០០រៀល (៤ដង) ២-ការសម្រាលសម្រាប់កូនទោលទទួលបានទឹកប្រាក់ ៤០០.០០០រៀល កូនភ្លោះទទួលបាន ៦០០.០០០រៀល និងកូន ៣នាក់ទទួលបានទឹកប្រាក់ ៨០០.០០០រៀល ៣ -ការពិនិត្យក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់កុមារអាយុ២ឆ្នាំ ក្នុងការពិនិត្យម្តង ទទួលបានទឹកប្រាក់ ៨០.០០០រៀល (១០ដង) ៕