កំពង់ចាម ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៥:៣០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីឈ្មោះ លី ឈាងគី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី២ សង្កាត់វាលវង់ក្រុងកំពង់ចាម បានរាយការណ៍ថា មានករណីបង្កហិង្សា ក្នុងបន្ទប់ជួល របស់គាត់ ដែលបានជួលឲ្យក្មេងស្រីម្នាក់ ស្នាក់នៅរៀនសូត្រ ។
ក្រោយទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក អ៊ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាន, កម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់ សហការ ជាមួយកម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។
ពេលកម្លាំង ចុះដល់ទីតាំងកើតហេតុក៏ប្រទះឃើញមានមនុស្សម្នាក់ ភេទប្រុស ដៃកាន់កូនកាំបិត ។ ដោយមានអាការ:សង្ស័យ សមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះភ្លាម និងពិនិត្យមើលក្នុងបន្ទប់ឃើញមានស្នាមឈាមប្រលាក់ពេញការ៉ូ និងឃើញក្នុងបន្ទប់ទឹក (បន្ទប់ជួល)នោះ មានសាកសពនារីម្នាក់ ទើបសមត្ថកិច្ចសន្មត់ថា ជាករណីឃាតកម្មតែម្ដង។
តាមការសាកសួរជនសង្ស័យមានឈ្មោះ ថា យឺ ម៉េងឈៀក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបាន ធ្វើសកម្មភាព (អារក) សម្លាប់ជនរងគ្រោះឈ្មោះ វៀត ចន្ទ្រា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិតឆ្នាំទី២ រៀននៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាម និងមានទីលំនៅនៅភូមិក្តុយ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយយកកាំបិតបន្លែទៅអាករសម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួល របស់ឈ្មោះ លី ឈាងគី នៅទីតាំងកើតហេតុ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៤:០៥នាទី ពិតប្រាកដមែន ។
មូលហេតុ កន្លងមកនេះជនសង្ស័យ និងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា កាលពីរៀននៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ រហូតពេលកើតហេតុក៏ជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង នឹងបានជូនជនរងគ្រោះទៅបន្ទប់ដេកវិញ ដោយខឹងជនរងគ្រោះមិនឲ្យខ្លួនដេករួមភេទជាមួយ ក៏អាករសម្លាប់តែម្ដង ។
នៅកន្លែងកើតហេតុបន្សល់ទុកនៅកាំបិតចិតបន្លែបាក់ដងចំនួន០១ និងម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ (គ្មានស្លាកលេខ) និងស្នាមកាប់ ។ លទ្ធផលធ្វើតេស្តលើទឹកម៉ូត ( អវិជ្ជមាន) ។
ករណីនេះសមត្ថកិច្ចបានឃាត់ និងនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីកសាងសំណុំរឿងបន្ត តាមនីតិវិធី ច្បាប់។