ខេត្តពោធិ៍សាត់ ៖ អំពើហិង្សាមួយបានកើតឡើង នៅវេលាម៉ោង ១៧ និង២៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ៣៥ឆ្នាំ ស្ថិតនៅភូមិសំរោង ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពពីសមត្ថកិច្ច នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា កម្លាំង នគរបាលស្រុកបាកាន សហការជាមួយនគរបាល ប៉ុស្ដិ៍ឃុំបឹងបត់កណ្តោល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើហិង្សា ដោយឈ្មោះ ឆន សៅ ជាជនសង្ស័យបានកាប់ក្បាល អ៊ុំប្រុសរបស់ខ្លួន ឱ្យរងរបួសធ្ងន់ ដោយសារតែមានទំនាស់ ពាក្យសម្តីបន្តិចបន្តួចនៅក្នុងវង់ផឹកស៊ីជាមួយគ្នា ។
បើយោងតាមការរៀបរាប់ របស់ជនសង្ស័យ ឈ្មោះ ឆន សៅ បានឲ្យដឹងថាៈ មុនពេលកើត ហេតុ ខ្លួន និងបងថ្លៃ ឈ្មោះ វ៉ាន់ ធី ព្រមទាំងអ៊ុំប្រុស ឈ្មោះ ភេ រំ បានផឹកស្រា ជាមួយគ្នា ។ លុះផឹកស៊ីបានយូរបន្តិច ខ្លួនក៏បានផឹកស្រាស្រវឹង និងបានទាស់ពាក្យសម្តី ជាមួយអ៊ុំប្រុសរបស់ខ្លួន ដែលបានផឹកជាមួយគ្នា ហើយក៏បានស្ទុះទៅយកកាំបិត ដែលសៀតនៅជញ្ជាំងផ្ទះបាយ មកកាប់លើជនរងគ្រោះ ចំនួន ៣ កាំបិត (ចំក្បាល ចំនួន ២កាំបិត និងចំកដៃឆ្វេង ចំនួន១កាំបិត) ។
បច្ចុប្បន្ន សង្ស័យ និងវត្ថុតាង បានត្រូវសមត្ថកិច្ច កសាងសំណុំរឿង និងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការ តាមនីតិវិធី ៕ដោយងិន វាសនា