កំពង់ឆ្នាំង៖ កម្លាំងកងរាជអាវុធហត្ថស្រុកបរិបូណ៌មានគ្នាចំនួន ៥ នាក់ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ មធ្យោបាយធ្វើដំណើរដោយរថយន្តចំនួន០១គ្រឿង និងម៉ូតូ០២គ្រឿង។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតចំណុចមាត់ទន្លេ ភូមិគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះប្រព្រឹត្តទៅនៅវេលាម៉ោង១៨:៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ ក្នុងបទល្មេីសជាក់ស្ដែង។
យោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថស្រុកបរិបូណ៌ ដែលបានចុះទៅចូលរួមបង្ក្រាបខាងលើនេះបានប្រាប់ឲ្យដឹងថា ជាលទ្ធផលបង្ក្រាបបានជនសង្ស័យម្នាក់ដែលមាន ឈ្មោះ រ៉ុង ភារៈ ភេទប្រុស អាយុ29ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅចំណុចគន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
-វត្ថុតាងរួមមាន÷ ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ និង០៨កញ្ចប់តូចទម្ងន់៧,៥៩ក្រាម (ថ្លឹងទាំងថង់វេចខ្ចប់)និងទូរស័ព្ទដៃម៉ាកOPPO ពណ៌ក្រហមចំនួន០១គ្រឿង។
- ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។