ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលស្រុករវៀង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង ក្រោមអធិបតីភាពលោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបីក្នុងស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មេឃុំ មេប៉ុស្តិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
![](http://kmtvnews.com/wp-content/uploads/2020/06/IMG_20200626_161715_978-1.jpg)
ក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង បានជម្រាបពីកិច្ចការចាំបាច់គឺក្តាប់សភាពការណ៍ទូទៅ និងដាក់ចេញវិធានការអនុវត្ត កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានា និងរក្សាបាននូវសភាពការណ៍ស្ងប់ស្ងាត់ និងល្អប្រសើរ យុទ្ធនាការបង្រ្កាបនូវបញ្ហាគ្រឿងញៀន ល្បែងសុីសងគ្រប់ប្រភេទ បង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការកាប់រានទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធក្នុងភូមិសាស្រ្តស្រុករវៀង។
![](http://kmtvnews.com/wp-content/uploads/2020/06/IMG_20200626_161713_474.jpg)
លោក ហោ ប៊ុនហួរ បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
១. អនុវត្តឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ នូវវិធានបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តស្រុករវៀង។
២. អនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះការកាប់រានទន្ទ្រានដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។
៣. អនុវត្តឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ នូវវិធានការបង្រ្កាបបទល្មើសគ្រឿងញៀន និងល្បែងសុីសងគ្រប់ប្រភេទក្នុងភូមិសាស្រ្តស្រុករវៀង។
![](http://kmtvnews.com/wp-content/uploads/2020/06/IMG_20200626_161708_554.jpg)
៤. មេឃុំ ត្រូវបញ្ឈប់ការបញ្ជាក់ដី ដែលគ្មានការចូលរួម និងគ្មាននិយាមការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។
៥. រដ្ឋបាលឃុំ ត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លី យ៉ាងហោចណាស់០២សំណុំរឿង ក្នុងមួយសប្ដាហ៏ ក្នុងករណីដោះស្រាយតាមនីតិវិធីមិនជោគជ័យ ត្រូវបញ្ជូនមកគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ស្រុក។
![](http://kmtvnews.com/wp-content/uploads/2020/06/IMG_20200626_161653_241-2.jpg)
៦. រដ្ឋបាលឃុំនីមួយៗ និងកងកម្លាំងសមត្ថកិច្ច ត្រូវក្ដាប់ឲ្យបានអំពីគ្រប់មុខសញ្ញាតវ៉ា ជាពិសេសរឿងដីធ្លី ធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យតវ៉ាដល់សាលាខេត្ត ឬទៅតវ៉ាដល់រាជធានីភ្នំពេញ បើទប់មិនជាប់ទេ ត្រូវរាយការណ៍មកថ្នាក់ស្រុកឲ្យបានទាន់ពេលវេលា។
៧. រដ្ឋបាលឃុំ ត្រូវពន្លឿនការផ្ដល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ។
៨. រដ្ឋបាលឃុំ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមត្រៀមបង្ការ នូវបាតុភូតធនធានធម្មជាតិ គ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
![](http://kmtvnews.com/wp-content/uploads/2020/06/IMG_20200626_161705_418.jpg)
៩. ត្រូវចូលរួម និងណែនាំប្រជាពលរដ្ឋ ឲ្យគោរពច្បាប់ចរាចណ៍ផ្លូវគោក។
១០.បញ្ហាកូវីដ-១៩ នៅតែបន្តគំរាមកំហែងកម្ពុជាយើង និងពិភពលោក ដូច្នេះខ្ញុំសូម អាជ្ញាធរពាក់ព័ន្ធបន្តរឹតបន្តឹងវិធានការដែលមានស្រាប់ ដើម្បីកុំឲ្យមានការឆ្លងទៅសហគមន៍៕
![](http://kmtvnews.com/wp-content/uploads/2020/06/IMG_20200626_161717_718-1.jpg)