
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ បំពាក់ឋានន្តរសក្តិ និងជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន៣៤រូប ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីមេបញ្ជាការរង នាយ នាយរង និងមន្រ្តីកងរាជអាវុធហត្ថចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀតតែងតែបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់កងរាជអាវុធហត្ថយើង។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី បានណែនាំផ្តាំផ្ញើដល់កងរាជអាវុធហត្ថទាំងអស់ ដែលទើបទទួលបាននូវការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិនាពេលនេះ ត្រូវបន្តខិតខំបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបំផុត ត្រូវគោរពវិន័យរបស់កងរាជអាវុធហត្ថ មានសីលធ៌ម អាកប្បកិរិយាល្អសក្តិសមជាអ្នកបម្រើប្រជាពលរដ្ឋ តែត្រូវប្តូរផ្តាច់ក្នុងភារកិច្ចការពារបូររណភាពទឹកដី ប្រឆាំង និងបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ក៏ដូចជាក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន មិនត្រូវយកខ្លួនទៅប្រឡូកប្រឡាក់ឬទាក់ទិនជាមួយអំពើល្មើសច្បាប់ ឬពួកជនប្រព្រឹត្តបទល្មើសផ្សេងៗឡើយ សំខាន់គឺត្រូវធ្វេីនូវអំពេីល្អគ្រប់ពេលវេលា។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តថាកងរាជអាវុធហត្ថ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាព មានសាមគ្គីភាពជាមួយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ក៏ដូចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឬភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន សំខាន់ការបំផុសចូលរួមក្នុងការអនុវត្តគោលនយោបាយស្តីពីភូមិ-ឃុំមានសុវត្ថិភាព ពិសេសបទល្មើសគ្រឿងញៀន និងធនធានធម្មជាតិ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានជម្រុញបន្ថែមដល់កងរាជអាវុធហត្ថគ្រប់រូប និងក្រុមគ្រួសារត្រូវបន្តការប្រុងប្រយ័ត្ន ការពារ ទប់ស្កាត់ នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
