លោក ហោ ប៊ុនហួរ ពាំនាំអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនគ្រួសារក្រីក្រងាយរងគ្រោះចំនួន ០៥គ្រួសារ ក្នុងស្រុករវៀង

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ លោក​ ហោ​ ប៊ុនហួរ​ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

លោក ហោ ប៊ុនហួរ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូន និងមិនដែលមើលរំលងនូវទុកលំបាករបស់ប្រជាពលរដ្ឋឡើយ។

លោកអភិបាលស្រុកបន្តថា ថ្វីត្បិតតែអំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់រូប និងមិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់ឃ្លាននោះឡើយ។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុករវៀង ក៏បានធ្វើការផ្សព្វផ្សាយពីវិធានការការពារ ការថែររក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលបានយកមកចែកជូនគ្រួសារក្រីក្រចំនួន ០៥គ្រួសារនោះរួមមាន៖ អង្ករ៣០គីឡូក្រាម, មីកន្លះកេស, ប្រេងឆា១ដប, ទឹកស៊ីអុីវ១យួរ, តង់១ និងថវិកា ១២០,០០០រៀល។

Leave a Reply

Your email address will not be published. Required fields are marked *