សមត្ថកិច្ចនគបាលការិយាយ័លប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ ករណីប្រើប្រាស់និងរក្សាទុកចែកចាយថ្នាំញៀនដោយខុសច្បាប់

«ចាប សាមឿន»
ខេត្តស្ទឹងត្រែង៖ សមត្ថកិច្ចនគបាលការិយាយ័លប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានចុះបង្ក្រាបចាប់ឃាត់បានជនសង្ស័យប្រុសស្រីចំនួន៥នាក់ ករណីរក្សាទុក ចែកចាយ ជួញដូរថ្នាំញៀន និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ និងបានដកហូតបាននូវវត្ថុតាងសង្ស័យមានសារធាតុញៀនជាច្រើនកញ្ចប់នៅក្នុងទីតាំងផ្សេងគ្នា។ប្រតិបត្តិការនេះនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ដោយសមត្ថកិច្ចជំនាញចុះធ្វើ សកម្មភាពនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ឃាត់បានម្នាក់ បន្ទាប់មកឃាត់បាន១នាក់ទៀត នៅក្នុងក្រុងស្ទឹងត្រែង ដោយមានភាពសហការពីជនសង្ស័យ២នាក់ខាងលើ ក៏សមត្ថកិច្ចបើកយុទ្ធនាការបង្ក្រាបនៅទីតាំងផ្សេងទៀត ចាប់បានម្នាក់បន្ថែមទៀត ស្ថិតនៅភូមិព្រែក ក្រុងស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងបន្តថា លុះដល់ព្រឹកថ្ងៃទី១០ សមត្ថកិច្ចជំនាញចុះបង្ក្រាបចាប់ឃាត់ខ្លួនមេឃ្លោងចែកចាយថ្នាំញៀនយ៉ាងសកម្ម២នាក់បន្ថែមទៀត នៅក្នុងភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។

បើយោងតាមរបាយការណ៍មន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន (ដោយមានការសម្របសម្រួលនឹងអនុញ្ញាត្តិពីលោក ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្ត ពិនិត្យនូវសារធាតុញៀន ប្រព្រឹត្តនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដកហូតវត្ថុតាងចាប់យកថ្នាំញៀន ប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា(ICE) ចំនួន ០៣កញ្ចប់តូច ទម្ងន់សរុប ០,៦៥ក្រាម ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មានឈ្មោះ
ទី១- ឈ្មោះ យឹម សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិរាជា នុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ទី២- ឈ្មោះ ផាត់ សារ៉ាក់ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ កាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ការឆ្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ផាត់ សារ៉ាក់ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៨ និង ៣៥នាទី មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តឃាត់ខ្លួនបានបក្សពួកម្នាក់ទៀត ឈ្មោះ យ៉ែម មេត្រី ហៅ ជ័យ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់យកបានវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ១១កញ្ចប់(០៦កញ្ចប់ធំ និង០៥កញ្ចប់តូច) មានទម្ងន់សរុប ១៧,៨៦ក្រាម ។ ក្រោមការសួរនាំពីជំនាញជនសង្ស័យបានផ្តល់ចម្លើយសារភាពឈ្មោះ យ៉ែម មេត្រី ហៅ ជ័យ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២០ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តការឃាត់ខ្លួនមេខ្លោងបានចំនួន០២នាក់បន្តទៀត។ 

១- ឈ្មោះ ម៉ាក់ រ៉ាម៉េត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

២- ឈ្មោះ ម៉ាក់ បូរាន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ចាប់ដកហូតយកបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) ចំនួន ០៩កញ្ចប់តូច ទម្ងន់សរុប ៣,៤៣ក្រាម។

ដោយសមត្ថកិច្ចបានបញ្ជាក់ថា ចំនួនសរុបវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាមពណ៌សថ្លា(ICE) មានចំនួន ២៣កញ្ចប់តូច (០៦កញ្ចប់ធំ និង៥កញ្ចប់តូច) ទម្ងន់សរុបទាំងអស់ស្មើនឹង ២១,៩៤ក្រាម។

បច្ចុប្បន្ន ជនសង្ស័យមានចំនួន៥នាក់ខាងលើ មន្រ្តីអនុវត្តច្បាប់របស់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត កំពុងឃាត់ខ្លួន សាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចំណាត់ការតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *