ក្រសួងបរិស្ថាន ទស្សនៈកិច្ចគម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃរបស់អង្គការ WCS នៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារ បានដឹកនាំប្រតិភូទស្សនៈកិច្ចគម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃរបស់អង្គការ WCS ស្ថិតនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលបច្ចុប្បន្នទទួលបានផ្លែផ្កាកាន់តែល្អប្រសើរទាំងការផលិតទិន្នផលស្រូវ ក៏ដូចជាការលក់លើទីផ្សារ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថាលើកឡើងថា គម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះ ក៏បានចូលរួមអភិរក្សពពួកសត្វត្រយ៉ងយក្ស ដែលកំពុងជិតផុតពូជ និងកំពុងទទួលរងការគំរាមកំហែង។ ក្រៅពីនេះ វាក៏ជាគំរូមួយរួមចំណែកជាមួយក្រសួងបរិស្ថាន ក្នុងការការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ក្រសួងបរិស្ថាន បានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍តំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្នុង និងនៅជុំវិញតំបន់ការពារធម្មជាតិឲ្យមានជីវភាពធូរធារ។ ក្រៅពីនេះ ក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់គម្រោងស្រូវសត្វត្រយ៉ងដែលនេះ គឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រការអភិរក្ស និងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឲ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឲ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឲ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀត មានបន្លែបង្កាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិរក្សដែលមានបច្ចុប្បន្ននេះ ឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ពលរដ្ឋក្នុងការដើរកម្សាន្ត។ បច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុកមានកំណើនឡើងគួរឲ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាព ធូរធារដោយសារតែកំណើនសេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការដៃគូរ និងម្ចាស់ជំនួយ ជាពិសេសទីភ្នាក់ងារ USAID ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជាឲ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។

លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS បានឲ្យដឹងថា គម្រោងកម្មវិធីស្រូវត្រយ៉ងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សដោយបានចាប់ផ្តើមតាំងពីចំនួន០២ភូមិ រហូតដល់សព្វថ្ងៃកំពុងតែអនុវត្តក្នុង១១ភូមិ នៅក្នុងតំបន់ការពារទេសភាពខាងជើងប្រទេសកម្ពុជា (ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពឆែប និងព្រៃព្រះការ) ដោយក្នុងនេះ០៥ភូមិ ជាប់ជាមួយព្រំប្រទល់តំបន់ការពារសៀមប៉ាងភាគខាងលិច ០៣ភូមិនៅក្នុងតំបន់ការពារកែវសីម និង០៣ភូមិទៀត នៅក្នុងតំបន់ការពារព្រៃឡង់ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។ ដោយឡែកនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ចំនួនកសិករដែលបានចូលរួមជាមួយគម្រោងមានការកើនឡើងពី ៣៥គ្រួសារ រហូតដល់៧៥០គ្រួសារ បើតាមការរំពឹងទុកនៅក្នុងឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា គម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនេះ កំពុងត្រូវបានអនុវត្តរួមគ្នាដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួងបរិស្ថាន។ ការបង្កើតគម្រោងនេះដែរ មានគោលបំណងសំខាន់ដើម្បីបង្កើនជីវភាពរបស់ប្រជាសហគមន៍ និងទប់ស្កាត់ការទន្ទ្រានដីព្រៃ មិនឲ្យប្រជាសហគមន៍រុករានចូលក្នុងដែនជម្រកសត្វព្រៃ៕

Leave a Reply

Your email address will not be published. Required fields are marked *