កំពងឆ្នាំង៖ ឯកឧត្តមសូ សុីនួនក្រុមការងារថ្នាក់កណ្ដាលជួយមូលដ្ឋានឃុំឆ្នុកទ្រូនៅតែបន្តចុះណែនាំដល់ប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយកម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សមកពីភូមិចំនួន៣គឺភូមិសេះស្លាប់ ភូមិឆ្នុកទ្រូនិងភូមិកំពង់ព្រះ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍មានគ្នាសរុបចំនួន២១០នាក់។
កម្មវិធីចុះផ្សព្វផ្សាយប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នៅចុងកម្មវិធីមានចាក់នំគ្រួកពិសារសាមគ្គីក្នុង(អត្ថន័យពិសារនំគ្រួក សុខសន្តិភាព)និងមានចាក់ធុងបាស់កំដរកម្មវិធីញ៉ាំងឱ្យបរិយាកាសសប្បាយរីករាយ។
នៅវេលាម៉ោង៣រសៀលថ្ងៃដដែលនោះ ឯកឧត្តមសូ សុីនួន បានជួបលោកតាលោកយាយ មកពីភូមិឆ្នុកទ្រូនិងភូមិកំពង់ព្រះមានគ្នាសរបចំនួន៤១នាក់ណែនាំរបៀបគូសសន្លឹកឆ្នោតជូនបក្សប្រជាជនឱ្យបានត្រឹមត្រូវដោយឯកឧត្តមមានប្រសាសន៍ថា សន្លឹកឆ្នោត១សន្លឹករបស់បងប្អូន លោកតា លោកយាយមានសារៈសំខាន់ខ្លាំងណាស់សំរាប់ការជ្រើសរើសមេដឹកនាំដើម្បីការពារសន្តិភាពនិងមានការអភិវឌ្ឍន៍បន្តទៀត។
ឯកឧត្តមបានក្រើនរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សំណង់តូចធំ សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។
ឯកឧត្តម បានបញ្ជាក់ថា សន្តិភាព និងសមិទ្ធផលទាំងនេះ បានមកពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេង។
ជាមួយគ្នានេះ ឯកឧត្តម បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត ព្រមទាំងបានសម្តែងនូវការគាំទ្រចំពោះសារនយោបាយរបស់ សម្តេចតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ, ព្រោះថាបើគ្មានសន្តិភាព ក៏នឹងត្រូវបាត់បង់អ្វីៗទាំងអស់ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕ដោយងិន វាសនា