កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែកក្កដា និងទិសដៅការងារ ខែសីហា ឆ្នាំ២០២០ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែកក្កដា និងទិសដៅការងារ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។

នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្ដីទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងថា កិច្ចប្រជុំក្នុងពេលនេះធ្វើឡើងក្រោមបទបញ្ជា ក៏ដូចអនុសាសន៍របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅលើការអនុវត្តតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថរាជធានី-ខេត្ត ក្នុងការលើកទឹកចិត្ត ក៏ដូចជាការតម្រង់ទិសនូវការអនុវត្តជំនាញនីមួយៗ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកឧត្តមសេនីយ៍ត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជូនចំពោះនាយ នាយរង ពលទាហានកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានថ្លែងសរសើរចំពោះកងកម្លាំងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងការដឹកនាំចាត់ចែង អនុវត្តរាល់ទិសដៅគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូនសម្រេចបានជោគជ័យក្នុងរយៈពេលកន្លងមកនេះ។

ជាមួយនឹងការលើកសរសើរនេះ លោកឧត្តមសេនីយ៍ត្រី ក៏បានសង្កត់ធ្ងន់ថា ថ្វីត្បិតល
ទ្ធផលដែលយើងអនុវត្តបានជោគជ័យពិតមែន តែចំពោះមុខកងកម្លាំងជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវតែបង្ការ និងទប់ស្កាត់ដាច់ខាតនូវបដិវត្តន៍ពណ៌ ទោះក្នុងរូបភាពណាក៏ដោយ និងត្រូវមានសេចក្តីក្លាហាន ការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានណែនាំដល់កងកម្លាំងតាមជំនាញ ត្រូវខិតខំបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេសត្រូវបន្តសហការជាមួយអាជ្ញាធរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថភាព ដូចជា៖ ការបង្ការ និងទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ-១៩, ការប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញាន និងវិធានការទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ដូច្នេះ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវពង្រឹងសមត្ថភាពលើគ្រប់វិស័យ ដើម្បីបន្តពង្រឹងនូវកិច្ចការពារអាណាធិបតេយ្យភាព បូរណៈភាពទឹកដី សន្តិភាព ស្ថេរភាពនយោបាយ សន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងភាពសុខុដុមក្នុងសង្គមឱ្យកាន់តែប្រសើរថែមទៀត។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំខាងលើ ក៏បានបង្ហាញនូវសកម្មភាព ប្រតិបត្តិការបង្ការ បង្រ្កាប និងលទ្ធផលអនុវត្តផ្សេងៗ ព្រមទាំងការវាយតម្លៃរួម និងទិសដៅការងារអនុវត្តបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *