
ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារដឹកនាំដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ព្រមទាំងអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានអញ្ជើញទទួលជួបគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន ធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

កិច្ចជំនួបពិភាក្សាផ្តោតលើការសិក្សាស្វែងយល់អំពីសមិទ្ធផល ការរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្តព្រះវិហារ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ ព្រមទាំងស្វែងយល់ពីស្ថានភាពនៃផលប៉ះពាល់បណ្តាលមកពីជម្ងឺកូវីដ-១៩ និងផ្តល់ប័ណ្ណសមធម៌ជូនប្រជាជន។

ក្រៅពីបានរាយការណ៍អំពីសមិទ្ធផលវឌ្ឍនភាពការងារ នៃវិស័យពាក់ព័ន្ធរបស់រដ្ឋបាលខេត្តជូនគណៈប្រតិភូ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានរំលេចការងារគ្រប់គ្រង និងការត្រៀមបង្កាការរីករាលដាលជំងឺកូវី-១៩ ដែលពិភពលោក ក៏ដូចកម្ពុជាកំពុងប្រឈមយ៉ាងខ្លាំង រដ្ឋបាលខេត្តដែលមានមន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធ បានសហការយ៉ាងជិតស្និត តាមរយៈការរឹតបន្តឹង ការត្រួតពិនិត្យចំណាក់ ចំណូលស្រុក ជាពិសេសពលករដែលចេញចូលតាមច្រកទ្វារព្រំដែន បានរៀបចំនូវទីតាំងមណ្ឌលចត្តាឡីស័កនៅតាមក្រុងស្រុកទាំង៨ចំណុះឱ្យខេត្ត ការដាក់គ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនីមួយៗជាដើម។

ដោយគិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ខេត្តព្រះវិហារ ទទួលបានពលករដែលចំណាកស្រុកមកពីប្រទេសថៃ និងប្រទេសនានាសរុបចំនួន ៦៨៣នាក់ ស្រី៣១០នាក់ ក្នុងនោះបានដាក់ចូលមណ្ឌលចត្តាឡីស័កដោយរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ១៧៦នាក់ និងធ្វើចត្តាឡីស័កដោយខ្លួនឯងចំនួន ៥០៦នាក់។

ចំពោះការងារតេស្តសំណាកចំនួន ២៥២នាក់ ស្រី១៦៦នាក់ ក្នុងនោះលទ្ធផលអវិជ្ជមានចំនួន ២៤៧នាក់ ស្រី១១៥នាក់ និងលទ្ធផលអវិជ្ជមាន២ករណី ជាសះស្បើយ និងបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ចំពោះការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ ឯកឧត្តមអភិបាលខេត្ត បានរាយការណ៍ជូនគណៈប្រតិភូ ដែលរដ្ឋបាលខេត្តព្រះវិហារ អនុវត្តបានដោយគិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ គ្រួសារក្រីក្របានមកផ្ទៀងផ្ទាត់ឈ្មោះនៅតាមសាលាឃុំមានចំនួន ១០.៨៩៧គ្រួសារ ស្នើនឹងទឹកប្រាក់ ១.៩២១.៤០៤.០០០រៀល និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ស្រ្តីមានផ្ទៃពោះ ស្រ្តីសម្រាលកូន និងកុមារក្រោមអាយុ២ឆ្នាំមានចំនួន ៦.៣៤២នាក់ ដែលមានទឹកប្រាក់ ៣៦៧.២៨០.០០០រៀល។

ប្រតិភូគណៈកម្មការទី៣ បានផ្តល់នូវអនុសាសន៍ និងណែនាំជាច្រើន លើការងារអនុវត្តរបស់រដ្ឋបាលខេត្ត គឺដើម្បីយកទៅអនុវត្តបន្តលើវិស័យពាក់ព័ន្ធដែលមាន បន្តខិតខំទាក់ទាញអ្នកវិនិយោគលើផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ការស្វែងរកនូវសក្តានុពលរបស់ដែលមានសម្រាប់ច្នៃជាផលិតផលសម្រេចនៅតាមសហគមន៍របស់ខ្លួន ការបន្តខិតខំពង្រឹងប្រព័ន្ធធារាសាស្រ្ត ដែលបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋលើវិស័យកសិកម្ម ក្នុងមូលដ្ឋានរបស់ខ្លួន៕
