ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្ត ស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងសមាជិគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសជាច្រើនរូបផងដែរ។
នាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ថ្ងៃនេះក្រុមការងារកសាងផែនការរបស់រដ្ឋបាលខេត្ត បានអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដើម្បីប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) និងត្រួតពិនិត្យមើលលើការពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នរបស់រដ្ឋបាលខេត្ត និងវាយតម្លៃតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត សម្រាប់អនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) ឲ្យស្របតាមផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ (២០២០-២០២៥) ឲ្យសម្រេចបានជោគជ័យ ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណផងដែរ ចំពោះ ការយកចិត្តទុកដាក់របស់មន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គការនានា ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគឃុំ/សង្កាត់ ក្រុង/ស្រុក ហើយគាំទ្រគម្រោង ទៅតាមលទ្ធភាព និងសកម្មភាពរបស់ខ្លួន សម្រាប់អនុវត្តក្នុងឆ្នាំ២០២០ខាងមុខនេះ។
ឯកឧត្តមបន្តថា ជាក់ស្តែងលទ្ធផលសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ឃុំ/សង្កាត់ ក្រុង/ស្រុក ទទួលបានច្រើនគម្រោង នៃគម្រោងដែលបានស្នើឡើង។ ទន្ទឹមនឹងនោះ គម្រោងទាំងនេះពិតជាស្ដែងឡើងនូវការរីកចម្រើនលើកគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក ហើយជម្រុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត និងការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រជាបន្តបន្ទាប់។
ឯកឧត្ដម ក៏បានផ្ដល់នូវចំណាប់អារម្មណ៍មួយចំនួនដែលពាក់ព័ន្ធទៅនឹងការងារ និងទិសដៅដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) សម្រាប់អនុវត្តនៅឆ្នាំ២០២០ ដោយសូមលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជម្រុញការអនុវត្តគម្រោងនីមួយៗ ឲ្យចប់តាមការកំណត់ ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជិតស្និទ្ធ។ ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈ ក្រសួង ឬធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង។
ឯកឧត្ដម ប្រាក់ សុវណ្ណ បញ្ជាក់បន្ថែមថា ត្រូវរៀបការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២)នេះ ឲ្យឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ អាណត្តិទី៦ របស់រដ្ឋសភា និងគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យ៉ាងពិតប្រាកដ។ ក្រៅពីនោះ ក្រុមការងារកសាងផែនការខេត្ត ត្រូវយកឯកសារទាំងនេះទៅកែតម្រូវពាក្យពេជន៍បន្ថែម ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្តអនុម័ត ទៅតាមប្រតិទិនការងារដែលបានកំណត់៕