ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំសប្តាហ៍ និងដាក់ចេញទិសដៅការងារយោធាប្រចាំសប្តាហ៍បន្ត ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងមានការចូលរួមពីមេបញ្ជាការរង នាយ នាយរង និងពលទាហានជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានផ្តាំផ្ញើដល់មេបញ្ជាការរង នាយ នាយរង និងពលទាហានទាំងអស់ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវខិតខំបំពេញការងារតាមផ្នែកឲ្យបានល្អប្រសើរ និងសូមរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ។
លោកលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាយោធិនត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ក្នុងការលើកស្ទួយជីវភាពរស់នៅ និងសុខមាលភាពរបស់កងទ័ព និងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ ដែលបង្កឡើងដោយកត្តាមនុស្ស ឬធម្មជាតិ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឲ្យបានរហ័សបំផុត។
នាឱកាសនោះដែរ លោកមេបញ្ជាការ បានទទួលអំណោយម៉ូតូចំនួន ០២គ្រឿង ដែលជាអំណោយរបស់ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនថែទាំសុខភាព RF3 World Cambodia (ម៉ាឡេសុី) និងលោកស្រី ផាន់ ណារ៉ា បានប្រគល់ជូនដល់អង្គភាពផ្នែកសឹករងជាំក្សាន្ត និងទីបញ្ជាការទិស សម្រាប់បម្រើការងារដល់អង្គភាព។
នៅព្រឹកថ្ងៃដដែរនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជន៖ ឈ្មោះ យ៉ន សុខ អាយុ៧៣ឆ្នាំ ជាជនពិការ បច្ចុប្បន្នរស់នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ឥឡូវត្រូវបានសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែក១៦ មករា ដោយជម្ងឺធ្លាយក្រពះនូវ៖ ទឹកដោះគោឆៅ១ឡូ, ទឹកផ្លែឈើ១កេស, ទឹកសុទ្ធ១កេស, ស្ករសរ២គីឡូក្រាម និងថវិកាចំនួន ១៥០,០០០រៀល។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួនបន្ថែមទៀត ជូនដល់យោធិនចំនួន០៤នាក់ ដែលកំពង់សម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យជាមួយគ្នារួមមាន៖
១- លោកវរសេនីយ៍ត្រី ពេទ្យ យល់ នាយការិយាល័យបច្ចេកទេស៖ ថវិកា ២០០,០០០រៀល។
២- លោកអនុសេនីយ៍ត្រី រៀម វាសនា ជំនួយការ ការិយាល័យទី៣៖ ទឹកដោះគោឆៅ១ឡូ, ទឹកផ្លែឈើ១កេស, ទឹកសុទ្ធ១កេស, ស្ករសរ២គីឡូក្រាម និងថវិកា ១៥០,០០០រៀល។
៣- យោធិន ២នាក់ទៀត ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល៕