ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុុះសិក្សា និងត្រួតពិនិត្យទីតាំងសម្រាប់ដាក់ថ្លឹងរថយន្តនៅចំណុចព្រំប្រទល់ព្រះវិហារ-កំពង់ធំ ស្ថិតក្នុងភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ការចុះសិក្សាទីតាំងថ្លឹងរថយន្តនៅចំណុចខាងលើនេះ ធ្វើឡើងតាមការស្នើសុំរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក៏ដូចជារដ្ឋបាលខេត្តព្រះវិហារ ទៅក្រសួងសាធារណៈការ និងដឹកជញ្ជូន។
លោក សំ លាងទ្រី បន្តថាមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក៏ដូចជារដ្ឋបាលខេត្តព្រះវិហារ ស្នើសុំទៅក្រសួងសាធារណៈការ និងដឹកជញ្ជូន នូវទីតាំងថ្លឹងរថយន្តនេះ ដោយការមើលឃើញភាពជាក់ស្តែងរាល់ថ្ងៃ មានរថយន្តធន់ធំដឹកជញ្ជូនលើសទម្ងន់ បណ្តាលឲ្យខូចខាតផ្លូវថ្នល់ ជាពិសេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានបញ្ជាក់បន្ថែមថា ការចុះសិក្សាទីតាំងខាងលើនេះ គឺរងចាំក្រុមការងារបញ្ជូនឯកសារទៅ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ពិនិត្យ និងសម្រេច។
បញ្ជាក់៖ ទីតាំងដីដែលចុះសិក្សាសម្រាប់ការដាក់ថ្លឹងរថយន្តខាងលើនេះ គឺជាដីកម្មសិទ្ធឯកជនរបស់លោក សំ លាងទ្រី ដែលលោកព្រមបរិច្ចាកឲ្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្វើការសាងសង់៕