ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ចុះលើកផ្ទះ០១ខ្នង ជូននិវត្តជន ក្នុងស្រុកសង្គមថ្មី

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ (ស.អ.ក) ដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះលើកផ្ទះ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដែលលោកតែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់អតីតយុទ្ធជន។ ហើយការអភិវឌ្ឍន៍ និងសុខសន្តិភាពដែលទទួលបានដូចសព្វថ្ងៃ គឺជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាន ពីការលះបង់របស់បងប្អូនវីរអតីតយុទ្ធជនយើងបានឡើយ។

លោកឧត្តមសេនីយ៍ទោ ប្រធាន ស.អ.ក ខេត្តព្រះវិហារបន្តថា ផ្ទះ០១ខ្នងខាងលើនេះ មានទំហំ៤x៦,៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ៩,២៥០,០០០៛ ត្រូវបានប្រគល់ជូនឈ្មោះ គង់ ថា ភេទប្រុស អាយុ៥១ឆ្នាំ មុខសញ្ញាជានិវត្តជន រស់នៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក៏បានឧបត្ថម្ភអង្ករ២បេ ស្មើនឹង៥០គីឡូក្រាម និងថវិកាចំនួន២០០,០០០រៀលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *